បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៤ រថយន្តនិងឈើប្រណិត ១៨ ដុំ ត្រូវបានកម្លាំងយោធាយោធភូមិភាគទី៥ ធ្វើការប្រគល់អោយរដ្ឋបាលព្រៃឈើបាត់ដំបងដើម្បី ចាត់ការបន្តតាមច្បាប់នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ។
ហេតុការណ៍បង្ក្រាបរថយន្តនីសាន់ដឹកឈើប្រណីតដឹកនាំដោយលោកហេងសុធានិងលោកគីវ៉ាន់ឌីនផ្នែកស្រាវជ្រាវនិងទប់ស្កាត់បទល្មើសធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច បឹងជីមក់ ស្ថិតក្នុងភូមិឆាយបាល័ង្គ ឃុំធិបតីស្រុកគាស់ក្រឡ ។ ចំណែកអ្នកបើកបររថយន្តបទល្មើសមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ទោ ហេង សុធា និងលោកវរសេនីយ៍ត្រី គី វ៉ាន់ឌីន ផ្នែកស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនៃយោធភូមិភាគទី៥ បានអោយដឹងថា រថយន្តបង្ក្រាបបានរថយន្តម៉ាកនីសាន់ NISSAN១បាំងពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-6993 ស៊ើរីឆ្នាំ៩១អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ រឹបអូសដកហូតវត្ថុតាងបានឈើប្រណីតប្រភេទ ធ្នង់មានចំនួន ១៨ដុំ ស្មើនិង១.៧២៥ម៉ែត្រគូប។
លោកបានបញ្ជាក់ថានៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤រថយន្តម៉ាកនីសាន់និងឈើប្រណិតចំនួន ១៨ដុំ បានប្រគល់ឲ្យលោក ទូច អូន នាយរងផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង ដើម្បីចាត់ការបន្តតាមច្បាប់។
លោកឧត្តមសេនីយ៍ទោ លឹម គុណវុឌ្ឍ មេបញ្ជាការរងយោធភូមិភាគទី៥ បានបញ្ជាក់ថា រយៈកាលកន្លងមក លោកបានដឹកនាំ និងបញ្ជារកម្លាំងយោធភូមិភាគឲ្យចុះធ្វើការបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើ ប្រណីតខុសច្បាប់ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់តាមដងផ្លូវជាតិលេខ៥ ពិសេសក្នុងទឹកដីខេត្តបាត់ដំបង ៕