បន្ទាយមានជ័យ៖អំពើពុករលួយរបស់មន្ត្រីជំនាញគយ និងរដ្ឋាករតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើអោយកម្មករក្រីក្រ អូសរទេះដឹកជញ្ជូនទំនិញបន្តិចបន្តួចពីទឹកដីថៃចូលទឹកដីខ្មែររងទុក្ខវេទនាជាយូរឆ្នាំមកហើយ។ ក្នុងនោះមន្ត្រីគយ និងរដ្ឋាករក្រោមអំណាចរបស់លោក (យិន ផល្លី) ដែលជាមនុស្សជំនិតរបស់លោក(ឈួន ហៃ) ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងត្រូវបានកម្មករអូសរទេះធ្វើការរិះគន់យ៉ាងខ្លាំងៗ ដោយហេតុថាមន្ត្រីគយពុករលួយ តែងតែគាបជំរិតបង្ខំអោយពួកគាត់បង់លុយដោយគ្មានការយោគយល់បន្តិចណាឡើយ ប៉ុន្តែសំរាប់ក្រុមឈ្មួញធំៗដូចជា អ្នកស្រី(ថោង ឡេង) ដែលបាននាំទំនិញខុសច្បាប់ និងទំនិញគេចពន្ធចូលទឹកដីខ្មែរ បែរជាមន្ត្រីគយមានការធូររលុងទៅវិញ។ ហើយមន្ត្រីគយទាំងនោះបានបើកដៃអោយមេឈ្មួញធំៗនាំទំនិញគេចពន្ធចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក ដោយពួកគេបានទទួលប្រយោជន៍ប្រចាំខែ ពីក្រុមឈ្មួញខិលខូចរកស៊ីបន្លំពន្ធរដ្ឋ យ៉ាងច្រើន។
តាមប្រភពពី កម្មករអូសរទេះបានអោយដឹងថាមន្ត្រីគយ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលឈរជើងតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានគាបសង្កត់អោយពួកគាត់បង់លុយស្រេចតែអំពើចិត្ត។ ពួកគាត់ដែលជាកម្មករអូសរទេះដឹកទំនិញបន្តិចបន្តួចត្រូវបានមន្ត្រីគយ និងរដ្ឋាករ ក្រោមប្រាសាទកំពូលបីតំរូវអោយបង់លុយតាមការកំណត់របស់ពួកគេ។ ជាពិសេសគឺលោក(យិន ផល្លី) អនុប្រធានការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ដែលបានឈរជើងក្រោមប្រាសាទកំពូលបីតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាជនពុករលួយ ហុតឈាម អង្គៀមឆ្អឹង ប្រជាពលរដ្ឋក្រីក្រយ៉ាងសាហាវបំផុត។
ប្រភពពីកម្មករអូសរទេះបន្តទៀតថាមន្ត្រីគយ និងស្ថាប័នពាក់ព័ន្ធផ្សេងៗបានប្រើកំលាំងកម្មកររបស់ពួកគេអោយស្លៀកពាក់ជាជនស៊ីវិលមកត្រួតពនិត្យរទេះដឹកទំនិញរបស់ពួកគេ រួចវាយតំលៃបង្ខំអោយបង់លុយស្រេចតែអំពើចិត្ត ដោយពុំមានការយោគយល់អ្វីឡើយ។ ទំនិញដែលពួកគាត់អូសតាមរទេះបន្តិចបន្តួចនោះត្រូវបានគេកំណត់អោយបង់លុយពី ២០០បាត ដល់ ៥០០បាត តាមទំនិញតិចឬច្រើន ទោះបីពួកគាត់រកចំណូលបានតិចតួចយ៉ាងណាក៏ដោយ។ ប្រសិនបើពួកគាត់មិនបានបង់លុយអោយទៅក្រុមមន្ត្រីគយពុករលួយទេ ពួកគេអាចចាប់ទំនិញពួកគាត់ទុកអោយយូរ ដើម្បីបានលុយច្រើន ហេតុនេះហើយទើបពួកគាត់ដែលជាកម្មករអូសរទេះចេះតែបង្ខំចិត្តបង់លុយអោយមន្ត្រីគយពុករលួយទាំងឈឺចាប់។ ពួកគាត់ដែលជាកម្មករធ្លាប់បានអំពាវនាវអោយអភិបាលខេត្តបន្ទាយមានជ័យ និងក្រសួងពាក់ព័ន្ធជួយរកដំណោះស្រាយដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងអាជ្ញាធរខេត្តប/ជ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់លុបបំបាត់អំពើរពុករលួយរបស់មន្ត្រីគយ និងរដ្ឋាករ ដែលបានឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះទេ។
ប្រភពពីក្រុមកម្មករអូសរទេះបានអោយដឹងទៀតថាសព្វថ្ងៃនេះពួកគាត់រងការគាបសង្កត់យ៉ាងខ្លាំងពីមន្ត្រីគយ និងរដ្ឋាករឈ្មោះ (យិន ផល្លី) ដែលជាមនុស្សជំនិតរបស់លោក(ឈួន ហៃ) បានបណ្តាលអោយមន្ត្រីក្រោមឳវាទជាពិសេសគឺបក្ខពួកមួយចំនួនទៀតធ្វើអ្វីៗស្រេចតែអំពើចិត្ត មិនគិតពីទុក្ខវេទនារបស់ប្រជាពលរដ្ឋក្រីក្រឡើយ។ ហើយលោក(ឈួន ហៃ) បានបើកដៃអោយបុគ្គល(យិន ផល្លី) ព្រមទាំងបក្ខពួកប្រមូលលុយចំណូលពីគ្រប់ច្រកល្ហកដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងទុកសម្រាប់អភិវឌ្ឍន៍មុខតំណែងរបស់ខ្លួនលើគំនរញើសឈាមប្រជាពលរដ្ឋក្រីក្រយ៉ាងអាក្រក់ជូជាតិបំផុត មិនគិតពីទុក្ខលំបាកប្រជាពលរដ្ឋឡើយ គិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ដោយឡែកប្រភពពីក្រុមឈ្មួញតូចតាចបានបង្ហើបអោយដឹងថាលោក(ឈួន ហៃ) និងលោក(យិន ផល្លី) បានឃុបឃិតគ្នាជាមួយស្ត្រីជាមេឈ្មួញម្នាក់ឈ្មោះថោង ឡេង ជាម្ចាស់ក្រុមហ៊ុនថោង ឡេង រកស៊ីដឹកជញ្ជូនទំនិញពីទឹកដីថៃចូលទឹកដីខ្មែរ។ លោកឈួន ហៃ បញ្ជាអោយកូនចៅដែលជាមន្ត្រីគយប្រចាំការប្រាសាទកំពូលបីបានកំណត់ដល់កម្មករក្រីក្រអូសរទេះមិនអោយដឹកជញ្ជូនទំនិញច្រើនទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនថោងឡេង ចង់អូសរទេះដឹកទំនិញពីទឹកដីថៃ ប៉ុន្មានក៏គ្មានបញ្ហាដែរ ពីព្រោះមានការជួយសំរួលពីមន្ត្រីគយពុករលួយឈ្មោះ(យិន ផល្លី) ដែលបានឈរជើងនៅប្រាសាទកំពូលបី គឺជាអ្នកបើកដៃអោយក្រុមហ៊ុនថោងឡេងដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពីទឹកដីថៃចូលទឹកដីខ្មែរយ៉ាងពេញបន្ទុកដូចជា ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត គ្រឿងក្រអូប និងម៉ូតូ ព្រមទាំងទំនិញជាច្រើនប្រភេទទៀត។ប្រការនេះធ្វើអោយរដ្ឋបាត់បង់ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ រីឯប្រយោជន៍ត្រូវបានទៅលើស្ត្រីមេឈ្មួញថោង ឡេង និងឈ្មួញទុច្ចរិត ពិសេសគឺលោកគយ ក្រោមការគ្រប់គ្រងរបស់ លោក ឈួន ហៃ តែម្តង។
ប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីទិញទំនិញពីថៃយកមកលក់នៅកម្ពុជា និងក្រុមកម្មករអូសរទេះ នៅជាយដែន ប៉ោយប៉ែត សុំអំពាវនាវដល់អង្គភាពប្រឆាំងអំពើរពុករលួយ ដែលមានឯកឧត្តម ឱម យិនទៀង ជួយត្រួតពិនិត្យ និងធ្វើអធិការកិច្ច គយនៅច្រកអន្តរជាតិប៉ោយប៉ែតផង ព្រោះពេលពួកគាត់ត្រូវអស់លោកគយខាងលើ គាបសង្គត់ឲ្យបង់ប្រាក់តាមតែអំពើរចិត្ត គ្មានវិក័យប័ត្រទេ តម្លៃហាងឆេងគឺនៅលើមាត់របស់ពួកគេ បើនៅតែបែប នេះពួកគាត់ ច្បាប់ជាប្រឈមនឹងការដាច់បាយហើយ ព្រោះស៊ីឈ្នួលដឹកទំនិញពីថៃមកខ្មែរ មួយរទេះបានត្រឹមតែ ២០០បាត គយទារឲ្យបង់ចាប់ពី២០០ទៅ៥០០បាតឯណោះ៕