ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់របួសធ្ងន់ដោយសារក្រុមក្មេងស្ទាវ៤ទៅ៥នាក់ ជិះម៉ូតូប្រើដាវសាម៉ូរ៉ៃ មកកាប់ ក្រោយពីធ្វើសកម្មភាពរួច ជនបង្កគេចខ្លួនបាត់អស់ កាលវេលាម៉ោង៩យប់ថ្ងៃទី៣ខែធ្នូឆ្នាំ២០១៥ នៅចំណុចខាងលិចក្លោងទ្វារវត្តភ្នំជញ្ជាំង ៥០ម៉ែត្រស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក វង្ស ធី មេបញ្ជាការងស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងទំនើង ជាជនសង្ស័យមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំបិតសាម៉ូរ៉ៃ ។ ក្មេងទំនើងទាំងអស់នោះបានធ្វើសកម្មភាពកាប់ទៅលើគូរជម្លោះម្ខាងទៀតបណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ក្រោយពីធ្វើសកម្មភាពរួចក្មេងទំនើងទាំង៥នាក់នោះបានគេចខ្លួនបាត់តែម្តង ។
លោក វង្ស ធី បានបញ្ជាក់ទៀតថា យុវជនរងគ្រោះមានឈ្មោះ លី វិចិត្រ អាយុ១៨ឆ្នាំត្រូវត្រង់ក្បាលរបួសធ្ងន់ និងឈ្នោះ ភិន លាន អាយុ១៨ឆ្នាំត្រូវត្រង់ក្រោមភ្នែកខាងស្តាំធ្ងន់ អ្នកទាំងពីរ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ជប៉ុនស្រុកមង្គលបូរី ។
ករណីនេះ សង្ស័យតែរឿងគំនុំ រីឯជនសង្ស័យទាំង៥នាក់នោះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និង ស្វែងតាមចាប់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕