ខេត្តបន្ទាយមានជ័យៈ បើតាមការអះអាងពីប្រជាពលរដ្ឋរងគ្រោះជាង ១០០គ្រួសារ នៅក្រុម១៩ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចោទថា មន្ត្រី២រូបនេះបានរំលោភដីផ្លូវ ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរទៅមកបាន។ កាលពីថ្ងៃសុក្រម្សិលមិញនេះថា មន្ត្រីជលផល លោក សី ស៊ីឡៃ និងមន្ត្រីសុរិយោដី លោក ប្រាក់ ប៉ូលី បានយកដីផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋប្រើប្រាស់ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយថា មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ និងមានការទទួលស្គាល់ស្របច្បាប់ពីភូមិ-ឃុំ។
ប្រជាពលរដ្ឋបាន លើកឡើងថា ប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋបាននាំគ្នាយកដីទៅចាក់លើផ្លូនៅជិតដី មន្ត្រីទាំងពីរឱ្យរាបស្មើ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ។ ក៏ប៉ុន្តែ កាលពីថ្ងៃម្សិលមិញនេះ មន្ត្រីសុរិយោដី លោក ប្រាក់ ប៉ូលី បានគំរាមកំហែងចាប់ប្រជាពលរដ្ឋ និងឹបានបញ្ជាកូនចៅមកព័ទ្ធរបងលើដីផ្លូវតែម្តង។
ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះឈ្មោះ ឌុន ពុទ្ធី បានប្រាប់ថា មន្ត្រីជលផល លោក សី ស៊ីឡៃ និងមន្ត្រីសុរិយោដី លោក ប្រាក់ ប៉ូលី មានចេតនាពិតប្រាកដក្នុងការរំលោភយកដីផ្លូវ និងបានសហការជាមួយអាជ្ញាធរ ដែលធ្វើការគ្មានជំនាញច្បាស់លាស់។
ប្រជាពលរដ្ឋរងគ្រោះដដែលបានបន្តថា ការបិទផ្លូវនេះធ្វើឱ្យប៉ះពាល់ដល់ការតប្រព័ន្ធទឹកស្អាត បណ្តាញ អគ្គិសនី ជាពិសេសប្រសិនបើមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ឬក៏ជួបផលពិបាកក្នុងការពន្លត់អគ្គិភ័យ ពីព្រោះមិនមានផ្លូវចូលនោះទេ ។ ហេតុដូច្នេះ លោក ឌុន ពុទ្ធី រួមទាំងប្រជាពលរដ្ឋទាំងអស់ នឹងដាក់ពាក្យបណ្តឹងទៅ តុលាការខេត្ត លោកអភិបាលខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ និង ក្រសួងនគររូបនីយកម្ម និងសំណង់ ដើម្បីជួយស្វែងរកដំណោះស្រាយ។
ពលរដ្ឋរងគ្រោះ ម្នាក់ទៀត លោក ប៊ុន នាង អះអាងថា ប្រជាពលរដ្ឋបានប្រើប្រាស់ដីផ្លូវនេះយូរមកហើយ ហេតុដូច្នេះប្រជាពលរដ្ឋបានធ្វើការតវ៉ាប្រឆាំង ដើម្បីទាមទារការបើកផ្លូវប្រើប្រាស់បន្ត។ លោកបន្តថា ក្នុងនាមជាមន្ត្រីមានជំនាញគួរតែបដិភាពដីនោះ ចំពោះប្រជាពលរដ្ឋជាមធ្យោបាយក្នុងការធ្វើដំណើរ ។
លោកចៅសង្កាត់រងទី២ និង លោក ចៅ វាសនា សង្កាត់ប៉ោយប៉ែត មានប្រសាសន៍ថា ដីនោះជាដីផ្លូវ ហើយត្រូវបានមន្ត្រីទាំងពីរ រំលោភពិតប្រាកដមែន។ លោកបន្តថា លោកកំពុងស្វែងរកឯកសារពាក់ព័ន្ធឱ្យបាន គ្រប់គ្រាន់សិន មុននឹងចុះធ្វើអន្តរាគមន៍ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះសារព័ត៌មានយើងពុំអាចទាក់ទងមន្ត្រីទាំង ពីរ រូបនេះ បានទេ ? ៕