ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៨ខែវិច្ឆិកា លោក ព្រឹម សាលី ប្រធានមន្ទីរពន្តដាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបដល់សាធារណជនទាំងអស់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះថាជាថ្ងៃឱសានវាទ នៃការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៥នេះហើយ ។
លោក ព្រីម សារី បាននិយាយបន្តទៀតថាអគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០១៥នេះ ដែលជាការជូនដំណឹងចុងក្រោយដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យទាំងអស់អនុលោមតាមសេចក្ដីជូនដំណឹងលេខ៨៨៤៤អពដចុះថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការពន្យារពេលលើកទី២ការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៥ត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ដោយសង្កេតឃើញមានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធប្រភេទនេះ នៅឡើយ ។
ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៥នេះ ឲ្យបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ដែលអាចនាំទៅដល់បាតុភាពអសកម្មដោយប្រការណាមួយនោះទើបអគ្គនាយកដ្ឋានពន្ធដារពន្យារពេលឲ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធរួសរាន់ទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកថា ការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលកំណត់ខាងលើម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជា ធរមាន។ អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវឲ្យម្ចាស់អចលនទ្រព្យ ទាំងអស់យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធស្របតាមការកំណត់របស់ច្បាប់៕