ខេត្តបន្ទាយមានជ័យ៖ កាលថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រជាជនខ្មែរ និងថៃជាង៥០០០នាក់ ចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែបណ្តែតប្រទីប រួមគ្នានៅច្រកតំបន់ស្រុកម៉ាឡៃ-ណងព្រឺ ដោយមានការចូលរួម ដោយលោក ទេព ឃុនណាល់ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោក អែម សុខា អភិបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក ផារ៉ាម៉ាផន ប៊ុនណាត មេបញ្ជាការនៃវរៈសេនាធំឈុតខ្មៅលេខ១២ ពិធីនោះដែរក៏មានការនិមន្តព្រះសង្ឃខ្មែរ-ថៃចំនួន៥អង្គអនុវត្តតាមប្រពៃណីទំនៀមទំលាប់ធ្វើពិធីប្រសិទ្ធពរជ័យ វិបុលសុខសិរីសួរស្តីជូនដល់ប្រជាជនក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ ឱ្យទទួលបានសេចក្តីសុខគ្រប់ប្រការ។
លោកវរសេនីយ៍ឯក ផារ៉ាម៉ាផន ប៊ុនណាត មេបញ្ជាការនៃវរៈសេនាធំឈុតខ្មៅលេខ១២ បានឡើងមានមតិសំណេះសំណាលនាឱកាសនោះថា ប្រទេសកម្ពុជានិងថៃជាប្រទេសភូមិផងរបងជាប់គ្នាហើយប្រជាជននៃប្រទេសទាំងពីរ មានជំនឿជឿជាក់គោរពប្រតិបត្តិទៅលើសាសនាព្រះពុទ្ធនិងមានប្រពៃណីទនៀមទម្លាប់ប្រហាស់ប្រហែលគ្នា។ពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីប ប្រជាជនថៃក៏មានទំនៀមទំលាប់ប្រពៃណី ប្រារព្ធរៀបចំពិធីបុណ្យដូចប្រជាជនកម្ពុជានោះផងដែរ ។
ដូច្នេះការរៀបចំពិធីនេះឡើង រវាងអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជា និងថៃ គឺក្នុងគោលបំណងដើម្បីបង្កើនសហប្រតិបត្តិការមិត្តភាពសាមគ្គឺភាពរវាងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាជននៃប្រទេសទាំង២ ឱ្យកាន់តែមានភាពស្និតស្នាលខ្លាំងឡើងនិងកិច្ចសហការរក្សាស្ថេរភាព នៅតាមខ្សែបន្ទាត់ព្រំដែននិង បង្កើនកិច្ចសហការទៅលើ វប្បធម៌ ប្រពៃណីទំនៀទំលាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នោះផងដែរ នៅក្នុងពិធីអបអរសារទបុណ្យអ៊ុំទូកអកងំបុកសំពះព្រះខែនិងបណ្តែតប្រទីបនៅច្រកតំបន់ម៉ាឡៃ-ណងព្រឺនោះដែរ គេសង្កេតឃើញក៏មានការរៀបចំបាញ់កាំជ្រួច និង តាំងលក់ផលិតផលខ្មែរ-ថៃនិងការរៀបចំពិធីប្រគុំតន្ត្រីរាំកំសាន្តលេងនោះផងទៀត ។