មណ្ឌលគិរី៖ ករណីគ្រោះថ្នាក់មួយ ដែលម៉ូតូកែឆ្នៃដឹកឈើកូនក្រឡឹងចំនួន៣ដុំ បានដួលខ្លួនឯងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅចំនុចជើងភ្នំស្រឡៅ ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកានេះ វេលាម៉ោង ៦និង៣០នាទី ។
ជនរងគ្រោះមានឈ្មោះ ហុង រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិខ្សាច់ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បើតាមសមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់ស្រុកអូររាំងបានឲ្យដឹងថា៖ ជនរងគ្រោះមានបងប្អូនចំនួន៣នាក់ ដោយដឹកឈើកូនក្រឡឹង ប្រភេទឈើធ្នងចេញពីក្នុងព្រៃដូចគ្នា ដើម្បីយកមកលក់ឲ្យឈ្មួញគ្រាន់បានលុយបន្តិចបន្តួចផ្ញើទៅស្រុក ពេលដែលមកដល់ចំនុចកើតហេតុខាងលើជនរងគ្រោះដែលជាប្អូនទី២ បានដួលម៉ូតូបណ្តាលឱ្យឈើបោកមកត្រូវក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងនោះ។
បច្ចុប្បន្ន សាកសពត្រូវបង្អូនដឹកយកមកតំកល់នៅវត្តអូររាំ រងចាំបងប្អូនមកពីស្រុក ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕