ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់និងថ្នាំញៀនចំនួន៤០៤គ្រាប់ ត្រូវកម្លាំងអាវុធខេត្តស្ទឹងត្រែងឃាត់ខ្លួនបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខវត្តសៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយ៍ឯក ដួង វិចិត្រ ប្រធានសន្តិសុខ និងព័ត៌មានអាវុធហត្ថខេត្តបានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផេង សាម៉ៃ ហៅង៉ន អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាមរ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ វត្ថុតាងគ្រឿងញៀន ដែលលដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY)ចំនួន៤០៤គ្រាប់។
លោកវរសេនីយឯកបានអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យថាជាមុខសញ្ញា ក្រោមការស៊ើបអង្កេតរបស់ជំនាញ ក្រោយពីដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ ជំនាញបានរៀបវិធានការញុះញុង អោយមានការលក់ក្រោមការឃ្លាំមើលពីសមត្ថកិច្ច ក្រោយជនសង្ស័យបានធ្វើសកម្មភាពត្រូវបានកំលាំងអាវុធហត្ថធ្វើការឃាត់ខ្លួន បានតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា គ្រឿងញៀន ពិតជារបស់ខ្លួន ដែលបានទិញពីជនម្នាក់ទៀតមិនស្គាល់សាវតា។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងថ្នាំញៀនត្រូវបានរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តស្ទឹងត្រែងចាត់ការតាមនិតិវិធីច្បាប់៕