រាជធានីភ្នំពេញ ៖ មន្ត្រីយោធាចិត្តសឿងប្រច័ន្ទប្រពន្ធកាប់សម្លាប់នាង
ដាក់ក្នុងពាងទឹក រួចហ៊ានប្រាប់អ្នកជិតខាងថា ខ្លួនជាឃាតក ពេលចូលផ្ទះវិញ បានយកកង់ឡានកង់ម៉ូតូចាក់សាំងដុតសពប្រពន្ធកាលម៉ោង៩យប់ថ្ងៃទី ១៣ វិច្ឆិកា ២០១៥ នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ១៤ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋភ្ញាក់ផ្អើល ដោយសមត្ថកិច្ចចុះពិនិត្យកន្លែងដុតឃើញគ្រោងឆ្អឹងសព។)
សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីដែលរងគ្រោះនោះមានឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ ចំណែកប្តីដែលជាជនសង្ស័យមានឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា។
តាមអ្នកជិតខាងថា នៅមុនយប់កើតហេតុ គេលឺប្តីប្រពន្ធទាំងពីរនាក់នោះឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយក្រោយមកបុរសជាប្តីនោះ ក៏បានដើរចេញមកខាងក្រៅ ដោយប្រាប់អ្នកជិតខាងថា គេបានសម្លាប់ប្រពន្ធបាត់ទៅហើយ។ តែពេលនោះ អ្នកជិតខាងមិនបានចាប់អារម្មណ៍ឡើយ ដោយនឹកស្មានតែនិយាយលេង។
ក្រោយមកនៅវេលាម៉ោងប្រមាណ៩យប់មិញ ក៏មានការដុតអ្វីម្យ៉ាងនៅក្នុងពាង នៃបរិវេណផ្ទះនោះ ហើយអ្នកជិតខាងក៏បានហៅសមត្ថកិច្ចមកជួយអន្តរាគមន៍ ដោយខ្លាចមានអគ្គិភ័យឆាបឆេះ។ ក្រោយមកសមត្ថកិច្ចក៏មកដល់ ប៉ុន្តែទ្វារផ្ទះត្រូវបានចាក់សោរបិទជិត ដូច្នេះសមត្ថកិច្ចមិនអាចចូលទៅក្នុងផ្ទះបាន គឺបានត្រឹមតែឃ្លាំមើលអស់មួយយប់។ លុះព្រឹកថ្ងៃទី១៤ វិឆ្ឆិកា នេះ ទើបសមត្ថកិច្ចសុំដីការពីព្រះរាជអាជ្ញា កាត់សោរផ្ទះនោះ ហើយក៏រកឃើញមានឆ្អឹងមនុស្សនៅក្នុងពាងដែលដុតនោះ។
ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕