ខេត្តបន្ទាយមានជ័យ ៖ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តនិងពុទ្ធបរិស័ទជាច្រើនរយនាក់ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នផ្តួចផ្តើម ធ្វើអង្គឋិនទានសាមគ្គីមួយប្រមូលបច្ច័យបានចំនួន៥៦លាន៣សែន៨ម៉ឹនរៀល ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា វត្តគីរីជុំចំការខ្នុរនិងកសាងបង្ហើយមហាកុដិថ្មី២ជាន់នៅពេលខាងមុខនេះ ព្រឹកថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៥នៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បុណ្យកឋិនទាននេះ ប្រព្រឹត្តិទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងវត្តគិរីជុំចំការខ្នុរ លុះនៅម៉ោង២រសៀលជួបជុំពុទ្ធបរិស័ទសមាទានសីល និងសំដែងព្រះធម៍គ្រែ៥ដោយព្រះគ្រូសេងសុវណ្ណរ័ត្ន ព្រះគ្រូសួងវីរះ ព្រះគ្រូឈានគីមលន់ ព្រះគ្រូហ៊នសំអាតនិងព្រះគ្រូឡៃសុជាតិលុះព្រឹថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង១ល្ងាចរៀបចំក្បួនដង្ហែអង្គឋិនទានសាមគ្គីប្រទក្សិណជុំវិញព្រះវិហារ៣ជុំរួចយកមកតម្កលទុកក្នុងព្រះវិហារជាកិច្ចបង្ហើយបុណ្យ ។
លោកគ្រួ ណាប់ ម៉ឺន ព្រះចៅអធិការវត្តគិរីជុំចំការខ្នុរបានមានសង្ឃដិការថាបុណ្យកឋិនទានមានន័យថាជាកាលទានជ័យវរទានដែលនៅក្នុងការវេរប្រគេនដល់ភិក្ខុសង្ឃក្នុងវេលាក្រោយដែលព្រះសង្ឃចេញព្រះវស្សា ហើយម្យ៉ាងទៀតកឋិនទាននេះមានន័យថា គឺជាសាសនៈពិធីម្យ៉ាងនៅក្នុងបែបព្រះពុទ្ធសាសនាដែលជាជ័យវរទានធ្វើស្របទៅតាមពុទ្ធបញ្ញត្តិរបស់ព្រះពុទ្ធជាម្ចាស់នៃព្រះសម្មាសម្ពុទ្ធនៃយើង ។ ពុទ្ធបរិស័ទណាដែលលះបង់ទ្រព្យសម្បត្តិធ្វើបុណ្យកឋិនទាននឹងទទួលបានអានិសង្ស៥យ៉ាង គឺទី១អ្នកធ្វើកឋិនទាននឹងទទួលបានបញ្ញាល្អទី២មានរូបសម្បត្តិ ពណ៌សម្បុរល្អទី៣ច្រមុះល្អទី៤មានសំឡេងពីរោះនិងអានិសង្សទី៥ ជាអានិសង្សខ្ពស់ដែលបុណ្យនានាមិនអាចប្រៀបប្រដូចបានឡើយ ដែលនឹងជួយអ្នកឲ្យទៅជាមនុស្សមានទ្រព្យធនស្តុកស្ដម្ភនិងឧបនិស្ស័យខ្ពស់ណាស់សម្រាប់អនាគតជាតិ ៕