ខេត្តក្រចេះ ៖ រថយន្តកាម៉ារីដឹកឈើមួយគ្រឿង បើកលឿនបែកកង់ក្រោយ រ៉េចង្កូតធ្លាក់ផ្លូវ ក្រឡាប់បណ្តាលអោយអ្នកបើកបរស្លាប់កន្លែងកើតហេតុ កាលពីវេលាម៉ោង៣និង១៥នាទី ទៀបភ្លី ឈានចូលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិ៧ ភូមិកសាងឃុំចង្គ្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសអ្នក បើកបរឈ្មោះ ផាត់ សុផាន់ណា អាយុ២៧ឆ្នាំ រស់នៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានស្លាប់នៅនិងកន្លែងកើតហេតុ ។ ម្ចាស់រថយន្ដ ដឹកឈើឈ្មោះ ធី ហៅ ធីកាប៉ូ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ជារៀងរាល់ថ្ងៃដោយមិនមាន សមត្ថកិច្ចជំនាញណា ធ្វើការបង្គ្រាបម្ដងណាឡើយ។ ឈ្មោះ ធីកាប៉ូនេះ ជាថៅកែឈើ ជាយូឆ្នាំមកហើយ កន្លងធ្លាប់មានរឿង ជាមួយសមត្ថកិច្ចតាមដងផ្លូវ និងធ្លាប់ដេញវាយ អ្នកកាសែត ពេលពួកគាត់ទៅថតរថយន្តរបស់គាត់។
លោក ចាន់ ធី នាយផ្នែកចរាចរណ៍ស្រុកចិត្របុរី បានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យ រថយន្ដដឹកឈើនេះក្រឡាប់ ធ្លាក់ពីលើផ្លូវ គឺបណ្ដាលមកពីបែកកង់ក្រោយ ហើយ នៅពេលនោះ ល្បឿនលឿនក្រឡាប់តែម្ដង។ ចំណែកសាកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីរីឯរថយន្ដ និងឈើ ត្រូវនគរបាលស្រុកចិត្របុរី យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកចិត្របុរី ដើម្បីដោះស្រាយ តាមច្បាប់ ៕