ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១៨នាក់ និងថ្នាំញៀនម៉ាទឹកកក១៤កូនថង់ត្រូវនគបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅតុលាកា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ចាត់ការតាមនិតិវិធី។
ក្រុមជនសង្ស័យត្រូវកម្លាំងនគររបាលក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត បើកកិច្ចប្រតិបត្តិការបង្ក្រាបបាន កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រុងសិរីសោភ័ណស្ថិតនៅផ្លូវចូលប្រាសាទសួគ៌ សង្កាត់កំពង់ស្វាយ ចំណែកនៅក្រុងប៉ោយប៉ែតបង្ក្រាបនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។
ជនសង្ស័យទាំង១៨នាក់នោះមានស្រីចំនួន១នាក់ ក្នុងនោះមុខសញ្ញាជួញដូរថ្នាំញៀន ចំនួន៣នាក់មាន២នាក់រស់នៅក្រុងប៉ោយប៉ែត និង១នាក់រស់នៅក្រុងសិរីសោភ័ណ រីឯជនសង្ស័យ១៥នាក់ទៀតជាអ្នកប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។
ជនសង្ស័យជួញដូរថ្នាំញៀនទាំង៣នាក់មាន ទី១ឈ្មោះព្រំ ប្រយុទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប ទី២ឈ្មោះ-ស៊ាន ឈិនឡុង ភេទប្រុស អាយុ២៧ឆ្នាំគ្មានមុខរបរពិតប្រាកដ អ្នកទាំង២នាក់នេះ រស់នៅក្រុងប៉ោយប៉ែត និងទី៣- ឈ្មោះស៊ន សុភារៈ ភេទប្រុស អាយុ៣០ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិព្រពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៕