ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់អ្នករត់ម៉ូតូឌុបខឹងដណ្តើមម៉ូយគ្នាចាញ់គេ បាននាំមិត្តភ័ក្តម្នាក់ទៀតយកដែកបំពង់ទីបទៅវាយដៃគូរម្នាក់ទៀត បណ្តាលឲ្យរបួសធ្ងន់ ហើយជនសង្ស័យម្នាក់ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ នៅចំណុចខាងជើងខារ៉ាអូខេនាគទិព្វ ក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍វាយជនរងគ្រោះនៅវេលាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ខាងជើងខារ៉ាអូរខេនាគទិព្វ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់បុរសរងគ្រោះឈ្មោះ ឡាយ សួង អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុបរស់នៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យ១ម្នាក់ឈ្មោះ ឃីន និងបក្សពួកម្នាក់ទៀតរស់ក្នុងក្រុងប៉ោយប៉ែត ។
ជនសង្ស័យឈ្មោះ ឃីន បានសារភាពថា កន្លងមកខ្លួនជនសង្ស័យទាំង ២ នាក់មានគំនុំជាមួយជនរងគ្រោះរឿងដណ្តើមម៉ូយឌុបគ្នា ទើបខ្លួនបានរៀបចំផែនការ ដើម្បីកាប់សម្លាប់ជនរងគ្រោះ ។ លុះនៅវេលាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះបានដឹកម៉ូយចេញពីរង្វង់មូលឆ្ពោះទៅខាងជើងខារ៉ាអូរខេនាគទិព្វ ១ ពេលនោះ ពួកខ្លួនទាំង២នាក់បានជិះម៉ូតូតាមពីក្រោយពេលដែលជនរងគ្រោះដាក់ម៉ូយចុះ យើងទាំង២នាក់បានវាយទៅលើ ឈ្មោះ ឡាយ លួងយ៉ាងចាស់ដៃ ចំក្បាលនិងខ្លួនប្រាណជាច្រើនបំពង់ទីប បណ្តាលឲ្យជនរងគ្រោះសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ បន្ទាប់មកបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយពួកខ្លួនទាំង២នាក់នាំគ្នាគេចខ្លួនតែម្តង ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ បានបញ្ជាក់ថា ដោយបានចំលើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី ៕