បាត់ដំបង ៖ សិស្សានុសិស្សវិទ្យា័យព្រះមន្នីវង្ស វិទ្យាល័យនេតយ៉ង់ វិទ្យាល័យសម្តេចឪ អនុវិទ្យាល័យសោហឺ អនុវិទ្យាល័យអនុវត្តន៍ អនុវិទ្យាល័យវត្តដំរីស សរុបជិត២ពាន់នាក់ ចូលរួមបើកបវេសនកាលឆ្នាំ២០១៥-២០១៦ ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលខេត្តបាតដំបង វត្តមានអញ្ជើញចូលរួមជាកិត្តិយស មានលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងបាតដំបង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងមាតាបីតាសិស្សជាច្រើននាក់ផងដែរ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិទ្យា័យព្រះមន្នីវង្ស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាតដំបង ។
លោក អេង ភិរុណ នាយកវិទ្យា័យព្រះមន្នីវង្សបានអោយដឹងថា តាមរយៈការយកចិត្តទុកដាក់ ការកែទម្រង់របស់ក្រសួងអប់រំនិងការបំពេញភារកិច្ចរបស់បុគ្គលិកសិក្សាដោយពុំគិតពីកង្វះខាត ក្នុងជីវភាពរស់នៅ រួមជាមួយការខិតខំរៀនសូត្ររបស់សិស្ស នាដំណាច់ឆ្នាំ២០១៥នេះ យើងទទួលបាន ៖
ក.លទ្ធផលការសិក្សារបស់សិស្សដំណាច់ឆ្នាំសិក្សា២០១៤-២០១៥-សិស្សនិទ្ទេសល្អ ចំនួន១១៣៩នាក់ ស្មើនឹង២៦.៦០% – សិស្សនិទ្ទេសល្អបង្គួរ ចំនួន១៥២៥នាក់ ស្មើនឹង៣៥.៦៤% – សិស្សនិទ្ទេសមធ្យម ចំនួន១២២៥នាក់ស្មើនឹង២៨.៦២% -សិស្សនិទ្ទេសខ្សោយ ចំនួន៣១៦នាក់ស្មើនឹង៧.៣៩% -សិស្សបោះបង់ការសិក្សា ចំនួន៣៥នាក់ស្មើនឹង១.៣៥% ។
ខ.សិស្សពូកែថ្នាក់ជាតិ៖ថ្នាក់ទី១២-គណិតវិទ្យាចំនួន១នាក់ចំណាត់ថ្នាក់លេខ៤ ។ រូបវិទ្យាចំនួន១នាក់ចំណាត់ថ្នាក់លេខ៧ ។ ថ្នាក់ទី៩-គណិតវិទ្យាចំនួន១នាក់ ចំណាត់ថ្នាក់លេខ១(មេដៃមាស)។ រូបវិទ្យាចំនួន២នាក់ចំណាត់ថ្នាក់លេខ៤និងលេខ៥។
គ.សិស្សឆ្លងភូមិសិក្សា-ថ្នាក់ទី៩សិស្សសរុបចំនួន៤៣៨នាក់ ស្រី២៣៧នាក់ ប្រឡងជាប់៤៣១នាក់ស្រី២៣៥នាក់ស្មើនឹង៩៨.៤០%។ -ថ្នាក់ទី១២សិស្សសរុបចំនួន៧៣៦នាក់ ស្រី៣៩៦នាក់ ប្រឡងជាប់៤៦៣នាក់ស្រី២៤៤នាក់ ស្មើនឹង៦២.៩០% ។ ក្នុងនោះ សិស្សដែលជាប់និទ្ទេសAចំនួន៤នាក់ និទ្ទេសBចំនួន៣៤នាក់ និទ្ទេសCចំនួន៥៤នាក់ និទ្ទេសDចំនួន៧២នាក់ និទ្ទេសEចំនួន២៩៩នាក់ ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាតដំបង បានអានសារខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំ២០១៥-២០១៦ចប់ ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាតដំបងបានបន្តថា ទៅកាន់លោកគ្រូអ្នកគ្រូអោយខិតខំអប់រំសិស្សអោយកាន់តែល្អទៅថ្ងៃមុខទៀត ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិមិនសំដៅក្រសួងការពារជាតិ ក្រសួងមហាសផ្ទៃ ក្រសួងពន្ធដា ក្រសួងគយនិងរដ្ឋាករ ក្រសួងអភិវឌ្ឍន៍ ។ល។ ក្រសួងណាក៏មានការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដូចគ្នា មិនអាចខ្វះ១ណាបានឡើយ ។ ចំណែកសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រអោយបានយ៉ាងតិច ៩ ឆ្នាំដល់ថ្នាក់ទី១២ ដើម្បីរកការងារធ្វើជួយសំរាលជីវភាពឪពុកម្តាយផងមិនត្រូវសេពគ្រឿងញៀនទេ ។ បើក្មួយជាសិស្សានុសិស្សមករៀនខិតខំប្រឹងស្តាប់លោកគ្រូអ្នកគ្រូចាបពីពេលនេះទៅដល់ថ្ងៃប្រឡងគឺរំលឹកមេរៀនតិចតួចអាចចងចាំ មិនបើកក្បួនមើលឬចាំបើកប្រ៊ីយ៉ុងនោះទេ គឺអាចប្រឡងជាប់់ដូចរាមច្បងដែលប្រឡងជាប់នៅឆ្នាំ២០១៥នេះ៕