ខេត្តបន្ទាយមានជ័យ.៖ កម្លាំងនគរបាលខេត្ត តាមស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ ប្រើកាំបិតចាក់សម្លាប់ប្រពន្ធ ហើយរត់គេចខ្លួនបាត់មួយរយៈ កាលវេលា ម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ហេតុការណ៍បុរសជាប្តីចាក់សម្លាប់ប្រពន្ធមួយកាំបិត ដោយមានជម្លោះពាក្យសម្តីក្នុងគ្រួសារ នៅម៉ោង ៩៖០០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្រោយគ្លីនិច នគររាជ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយចាក់ប្រពន្ធរបស់ខ្លួនស្លាប់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ ដេត សម្បត្តិ អាយុ៤៧ឆ្នាំ ស្រុកកំណើតភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះជាប្រពន្ធស្លាប់ មានឈ្មោះ អេង គិសាវន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ត្រូវមួយកាំបិតចំទ្រូងដើមដោះខាងស្តាំ៣៣សងទីម៉ែត្រ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់់តុលាការចាត់ការតាមនិតិវិធី៕