បាត់ដំបង ៖ លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង មិនត្រឹមបំពានអនុក្រឹត្យ៦៨ធ្វើប័ណ្ណបរិផាសBorder Passអោយប្រជាពលករ ឆ្លងដែនទៅប្រទេសថៃ យកថ្លៃហួសកំណត់ ថែមទាំងគាបសង្កត់កម្មករ លក់សំបុត្រចេញចូលក្នុងម្នាក់១០០បាត (សំបុត្រវាយត្រា២ដង) តម្លៃសំបុត្រជាធម្មតា តម្លៃ១០បាតប្រាក់ថៃ និងបើកច្រកទ្វាព្រំដែនពេលយប់ អោយទំនិញចេញចូលនិងមនុស្សចេញចូលតាមអំពើចិត្ត។
តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ចំពោះពលករខ្មែរជាច្រើនរយនាក់ ក្នុងមួយថ្ងៃៗ ចេញទៅរកការងារនៅប្រទេសថៃ ហើយអ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ក៏អាចធ្វើប័ណ្ណបរិផាសBorder Passបានដែរ ទោះជាពលករទាំងនោះនៅខេត្តផ្សងៗ.ដូចជា.ស្វាយរៀង. កំពង់ចាម.ព្រៃវែង.តាកែវ។ល។
លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសច្រកអន្តរជាតិដូង បានយកប្រាក់ថ្លៃប័ណ្ណបរិផាសឆ្លងដែន ពីប្រជាពលករធ្វើសំរាប់ឆ្លងដែនទៅប្រទេសថៃ ច្រើនលើសកំណត់ចាប់ពី៧ម៉ឺនរៀលដល់ ៣០ម៉ឺនរៀល ដែលប័ណ្ណមានសុពលភាព រយៈពេល ១ សប្តាហ៍ ហើយបើដល់ថ្ងៃកំណត់មកបន្តម្តងអស់២ពាន់រៀលក្នុង ១សប្តាហ៍ ។ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ៣៥.០០០ រៀល ។ មិនតែប៉ុណ្ណោះ អ្នកមិនមានឯកសារគ្រប់គ្រាន់ និងទីលំនៅច្បាស់លាស់់ក៏អាចធ្វើប័ណ្ណឆ្លងដែនបានដែរ អោយតែមានប្រាក់។
ស្ត្រី២នាក់រស់នៅស្រុកបវេលបានអោយដឹងថា ពួកនាងអាយុ១៩ឆ្នាំ គ្មានអត្តសញ្ញាណប័ណ្ណបានមកធ្វើប័ណ្ណឆ្លងដែន ទៅរកការងារនៅប្រទេសថៃ បានបង់ប្រាក់ក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើចំនួន២០ម៉ឺន រៀល ប្រាក់ខ្មែរទើបបានប័ណ្ណឆ្លងដែននេះ។
ប្រភពពី ប្រជាពលរដ្ឋផ្សេងថា មនុស្សមិនទាន់គ្រប់អាយុធ្វើប័ណ្ណឆ្លងដែនម្នាក់៧៥០០០រៀល(ប្រាំពីរ ម៉ឺនប្រាំពាន់រៀល) ចុះឈ្មោះកូនង៉ាម្នាក់ថែមទៀតត្រូវបង់អស់១៣០០០រៀលថែមទៀត(មួយម៉ឺន បីពាន់រៀល) ។ ចំពោះមនុស្សគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណបើធ្វើប័ណ្ណចាំយកភ្លាមតម្លៃ២៥០០បាតប្រាក់ ថៃគិតជាប្រាក់ខ្មែរ ៣០ម៉ឺនរៀល តែបើចាំ១ថ្ងៃយកតម្លៃក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើ ចំនួន២០ម៉ឺនរៀលប្រាក់ខ្មែរ។
ប្រភពបញ្ជាក់ថា ស្ត្រីវៀតណាមរកស៊ីផ្លូវភេទខុសច្បាប់ជាច្រើននាក់ បានមករកស៊ីនៅក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀង មិនមាននគរបាលអន្តោប្រវេសន្តិ៍ ឬសមត្ថកិច្ចមកបង្ក្រាបទេ អស់ពេល២ឆ្នាំមកហើយតាំងពីលោក លោក សៅ ប៊ុនរិទ្ធ គ្រប់គ្រង ។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានទូរស័ព្ទទំនាក់ទំនងលោក សៅ ប៊ុនរិទ្ធ មិនចូលទេ ៕