ខេត្តបន្ទាយមានជ័យ៖ យុវជន២នាក់់ ចេញពីក្លឹបហ្គោលថោនត្រូវ ក្រុមក្មេងទំនើងកាប់ដៃម្នាក់ និងបែកក្បាលម្នាក់របួសធ្ងន់ហើយគេចខ្លួនបាត់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាយុវជនរងគ្រោះទាំង២នាក់ មានទី១-ឈ្មោះ កេង ឡៃស៊ីម អាយុ១៨ឆ្នាំ រងការដាច់ដៃ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទី២-ឈ្មោះ វ៉េង ឡុង អាយុ២១ឆ្នាំ រងរបួសបែកក្បាល រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
អាណាព្យាបាលជនរងគ្រោះបានឱ្យដឹងថា កូនគាត់បានដើរលេងចេញពីផ្ទះចាប់តាំងពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ គេមិនដឹងកូននោះទៅទីណានោះទេ ដោយឪពុកម្តាយខំប្រឹងហៅតាមទូរស័ព្ទចូលផ្ទះជាច្រើនដង ក៏មិនលើក លុះដល់យប់អធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ទើបដឹងថាកូនត្រូវគេកាប់ដាច់ដៃ ។
ជនរងគ្រោះទាំង២នាក់ត្រូវបានកម្លាំងនគរបាលចរាចរណ៍ដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីសង្គ្រោះ ក៏ប៉ុន្តែមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណថាគ្មានលទ្ធភាពសង្គ្រោះ នគរបាលចរាចរណ៍ក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះបន្ត ។
ពាក់ព័ន្ធករណីខាងលើ កម្លាំងសមត្ថកិច្ចនគរបាលនិងអាវុធហត្ថកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕