មណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី ២១ ខែតុលា សាខាកាកបាទ ក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយក អំណោយ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៣គ្រួសារ នៅភូមិពូត្រុំថ្មី សង្កាត់រមនា ក្រុងសែនមនោរម្យ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា បុគ្គលមួយចំនួនបានយល់ថា កាកបាទក្រហមជាអង្គភាពដែលសំបូរធនធាន ព្រោះមានអំណោយចែកជូនគ្រប់ពេល ដែលមានបញ្ហា ប៉ុន្តែវា មិនមែនបែបនោះទេ កាកបាទក្រហមជាការងារស្ម័គ្រចិត្ត មិនមានប្រាក់ខែនោះទេ អំណោយដែលចែកជូន គ្រប់ពេលនោះជា ការចូលរួមជួយពីសប្បុរសជនទាំងឡាយ តាមរយៈការអំពាវនាវ របស់កាកបាទក្រហម ។
កាកបាទក្រហមជាអង្គភាពមួយដែល ធ្វើការងារមនុស្សធម៌ ហើយរាល់កិច្ចការទាំងអស់កាកបាទក្រហមតែងតែមានការចូលរួមពីសប្បុរសជន ។
ជាក់ស្តែងអំណោយដែលបានយក មកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺបាន ការរួមចំណែកដ៏ខ្ពង់ខ្ពស់ ពីព្រះចៅអធិការ ព្រមទាំងព្រះសង្ឃគង់នៅក្នុងវត្ត ព្រះពុទ្ធមណ្ឌលគិរី ។
នាឱកាសនោះផងដែរ លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានអោយដឹងថា អំណោយដែលចែកជូននាពេលនោះ រួមមាន អង្ករ ១០ គីឡូក្រាម មី ទឹកដោះគោ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការ២ម៉ឺនរៀលផងដែរ ។
ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានបញ្ជាក់ផងដែរថា តម្រូវការរបស់ប្រជាពលរដ្ឋមានច្រើន កាកបាទក្រហមមិនអាចបំពេញបាន ទាំងស្រុងនោះទេ ប៉ុន្តែអាចជួយដោះទុក្ខលំបាកបានមួយគ្រាៗ ដែលធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាព បន្តរការអភិវឌ្ឍន៍គ្រួសារបន្ថែមទៀតបាន ៕