ប៉ៃលិន ៖ លោក ហ៊ឹង គឹមថុល ព្រះរាជអាជ្ញារងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងនគរបាលចំរុះបង្ក្រាបទីតាំងស្តុបឈើប្រណិតប្រភេទបេង, ធ្នុង និង នាងនួន ចំនួន១១៦ ដុំ ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង ១៥និង២០ នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិផ្សារព្រំ(ដីថ្មី) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបនេះ គឺដោយមានសេចក្តីរាយការណ៍ពីបណ្តាញសម្ងាត់ថា មានកន្លែងស្តុកឈើខុសច្បាប់មួយកន្លែងនៅចំណុចផ្ទះរបស់លោកស្រី ពៅ វណ្ណារី ស្ថិតក្នុងភូមិផ្សារព្រំ(ដីថ្មី) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពបន្តថា ដោយមានដឹកនាំផ្ទាល់ ពីព្រះរាជអាជ្ញារង ព្រមទាំង លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលចំរុះ បានធ្វើការចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ខាងលើ ក្នុងនោះសមត្ថកិច្ចរឹបអូសបានឈើប្រភេទ(បេង, ធ្នុង និង នាងនួន) ចំនួន ១១៦ ដុំ/សន្លឹក និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ព្រមទាំងរថយន្តសម្រាប់ដឹកឈើមួយគ្រឿងផងដែរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕