ប៉ៃលិនៈភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនរយៈពេល០៦ខែដើមឆ្នាំ ២០១៤នេះមានថយចុះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣ ។ ការថយចុះនៃចំនួនភ្ញៀវទេសចរណ៍នេះ គឺដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេសថៃ ហើយបានចាប់ពលករខ្មែរជាច្រើននាក់បញ្ចូនត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងគំហុកតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ភ័យខ្លាចមិនហានចូលមកលេងកំសាន្តក្នុងខេត្តប៉ៃលិន ។
ការលើកឡើងនេះគឺក្នុងពិធីសន្និបាតបូលសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារអនុវត្តបន្ត ក្នុងឆមាសទី២ ឆ្នាំ២០១៤ របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលពិធីនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលាប្រជុំសាលាខេត្តប៉ៃលិន ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក កាន រិទ្ធី អភិបាលរងខេត្ត លោក ឃ្លោក នួយ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលពី ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ក្នុងខេត្ត និងយុវជនកាកបាតក្រហមជាសិស្សានុសិស្ស ច្រើននាក់ផងដែរ ។
លោក ហុង ឌុល ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឲ្យដឹងថាក្នុងរយៈពេល០៦ខែដើម្បីឆ្នាំ ២០១៤នេះ ភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិមានចំនួន១៧៦ ៨៥០ នាក់ (ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៣៧០៩៤នាក់)មានការថយចុះចំនួន១៤,៣៥% បើប្រៀបធៀបទៅ នឹងរយៈពេល ០៦ ខែដើមឆ្នាំ២០១៣គឺមានទេសចរណ៍ចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនចំនួន ២០៦៤៧៩ នាក់(ភ្ញៀវទេចរណ៍អន្តរជាតិចំនួន ៦១០០៤នាក់) ។
ការថយចុះនេះគឺដោយសារតែវិបត្តិនយោបាយនៅប្រទេសថៃ ហើយបានចាប់បញ្ជូន ពលករខ្មែរត្រឡប់មក ប្រទេសកម្ពុជាវិញយ៉ាងគំហុកតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍មិនហ៊ានចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន។
លោកបានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានខិតខំយ៉ាងសកម្មក្នុងការលើកកំពស់គុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ ឲ្យស្របតាមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ “ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត និងស្នាក់នៅខេត្តប៉ៃលិនឲ្យបានច្រើន ។
លោក កាន រិទ្ធី អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ដែលបានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធលការងារប្រចាំឆមាសទី១ និងទិស ដៅការងារអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០១៤ នេះ។
លោកបានបន្តថា ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនឲ្យបានច្រើនគឺមន្ទីរទេស ចរណ៍ត្រូវធ្វើការពង្រឹងគុណភាពផលិតផត និងសេវាកម្មទេចចរណ៍នៅតាមរមណីយដ្ឋាន និងភោជនាដ្ឋាននានា ក្រុងខេត្តគឺធ្វើយ៉ាងណាត្រូវឲ្យមានគុណភាពល្អ និងមានអនាម័យល្អ ។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថាដើម្បីឲ្យវិស័យទេសចរណ៍ មានការរីកចម្រើនមន្ទីរទេសចរណ៍ត្រូវតែរៀបចំផែនការអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងខេត្ត បង្កើតគោលដៅដែលជាសក្តានុពលទេសចរណ៍ ជំរុញអោយមានការផលិតវត្ថុអនុស្សាវរីយ៍ជាសញ្ញាសសម្គាល់របស់ខេត្តពង្រឹង និងលើកកំពស់ផលិតផល និងសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋាននិងតាមទីកន្លែងកម្សាន្តនានាក្នុងខេត្ត ៕