ខេត្តប៉ៃលិន ៖ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំយ៉ាងគំហុកជិត១០ថ្ងៃជាប់គ្នាៗ ចាប់តាំងពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥កន្លងមក បង្កទៅជាជំន់ទឹកភ្លៀង បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន១២ភូមិ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ លុះព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ មានការស្រកជាណ្តើរៗទៅវិញ ហើយលោកស្នងការនគរបាលខេត្តដឹកនាំកម្លាំងពិនិត្យស្ថានភាពទឹកជាក់ស្តែងផងដែរ ។
បើតាមអធិការរងស្រុកសាលាក្រៅបានឱ្យដឹងថា ករណីជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋចំនួន១២ភូមិរួមមាន៖ភូមិព្រៃសន្ទះ លិចផ្ទះ១២ខ្នងស្មើ១២គ្រួសារ ចំនួន៣២នាក់ លិចដំឡូងមីអស់១១២ហិកតា ពោតអស់០៧ហិកតា ។ភូមិផ្ទះស្បូវ លិចផ្ទះ៣៦ខ្នង ស្មើ៣៦គ្រួសារ ចំនួន៣៩៣នាក់ លិចដំឡូងមី៩៥ហិកតា ពោត១៥ហិកតា ។
ភូមិកូនដំរី លិចផ្ទះចំនួន២៤ខ្នង ស្មើ២៤គ្រួសារ ចំនួន៦៤នាក់ លិចដំឡូងមី៣៥ហិកតា និងពោត១៥ហិកតា ។ ភូមិដីសថ្មី លិចផ្ទះ១៥ខ្នង ស្មើ១៥គ្រួសារ ចំនួន៤៨នាក់ លិចដំឡូងមី១៧ហិកតា ពោតចំនួន២១ហិកតា ល្ង០៧ហិកតា សណ្តែកបាយ០២ហិកតា ក្រូចដាំថ្មី៩៥០ដើម ដំស្រូវ៥០ហិកតា និងម្ទេសចំនួន០៣ហិកតា ។ ភូមិភ្នំក្រិញ លិចផ្ទះ៧០ខ្នង ស្មើនឹង៧៥គ្រួសារ ចំនួន៣០០នាក់ លិចដំឡូង១០០ហិកតា និងពោត១០ហិកតា ។ ភូមិអន្លង់រក្សា លិចផ្ទះ៦៥ខ្នង ស្មើ៦៥គ្រួសារ ចំនួន២៦៩នាក់ លិចដំឡូង៥០ហិកតា ពោត០៥ហិកតា និងដំសណ្តែកបាយ០៥ហិកតា ។ ភូមិអូរកន្ធៀងវា លិចផ្ទះ៥៣ខ្នង ស្មើ៥៣គ្រួសារ ចំនួន១៨៥នាក់ លិចដំឡូងមី២៥០ហិកតា ពោត២៥ហិកតា តាង៉ែន១២ហិកតា និងក្រូច១៣ហិកតា ។ ភូមិបាយសី លិចផ្ទះ១៥ខ្នង ស្មើ១៥គ្រួសារ ចំនួន៧៥នាក់ លិចដំឡូង៥៥ហិកតា ។ ភូមិភ្នំព្រាល លិចផ្ទះ២៧ខ្នង ស្មើនឹង២៧គ្រួសារ ចំនួន១០៤នាក់ លិចដំឡូង៤៣ហិកតា ត្រសក់០៣ហិកតា ម្ទេស០១ហិក តា ត្រប់០១ហិកតា និងល្ពៅ០១ហិកតា ។ភូមិអូរដីស្អិត លិចផ្ទះ០៦ខ្នង ស្មើ០៦គ្រួសារ ចំនួន៣៦នាក់ លិចដំឡូង១៤០ហិកតា ពោត១១ហិកតា ។ ភូមិអូរដូនតាក្រោម លិចផ្ទះចំនួន២០ខ្នង ស្មើ២០គ្រួសារ ចំនួន១០៣នាក់ លិចដំឡូង៣៧ហិកតា ក្រួច០៥ហិកតា តាង៉ែន០៥ហិកតា និងដំណាំរួមផ្សំ០៥ហិកតា ។
ភូមិអូរដូនតាលើលិចផ្ទះ១៥ខ្នង ស្មើនឹង១៥គ្រួសារ ចំនួន៦៤នាក់ លិចដំឡូង៥០ហិកតា ពោត០៥ហិកតា ។ លោកបានបន្តទៀតថា សរុបខ្នងផ្ទះដែលលិចទឹកមានចំនួន៣៥៨ខ្នង មនុស្សចំនួន១៦៥៥នាក់ និងដំណាំចំនួន១២១១ហិកតា ហើយរហូតមកដល់ពេលនេះមេឃបានបញ្ចេញពន្លឺថ្ងៃឡើងវិញ ៕