ខេត្តបាត់ដំបង ៖ កាលពីម៉ោង១៤រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិបាសែតឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង កម្លាំងអាវុធហត្ថ ខេត្តតាមប្រម៉ាញ់មុខសញ្ញាចាស់ចែកចាយថ្នាំញៀនឃាត់បានប្រពន្ធជាអ្នកលក់និងមនុស្ស៦នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀននិងដកហូតថ្នាំញៀនម៉ាទឹកកក១២កូនថង់តូចស្មើទម្ងន់៨,៨៣ក្រាមនិងសម្ភារៈមួយចំនួនទៀត។
លោក ស សេដ្ឋា នាយការិយាល័យបទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថាទីតាំងដែលលក់ចែកចាយថ្នាំញៀនខាងលើមានម្ចាស់ឈ្មោះមិនពិសិដ្ឋ(ជាមុខសញ្ញាចាស់)និងប្រពន្ធឈ្មោះឆាន់កុម្ភៈហៅស្រីនាង ពេលចុះបង្ក្រាបឈ្មោះ មិន ពិសិដ្ឋ បានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់កំពុងអង្គុយជក់ប្រើប្រាស់ជាមួយគ្នា ក្នុងនោះ មាន ៖ ទី១ ឈ្មោះ ឆាន់ កុម្ភៈ ហៅ ស្រីនាង (ប្រពន្ធម្ចាស់ផ្ទះ) អាយុ៣២ឆ្នាំ អ្នកលក់ថ្នាំញៀន ។ ទី២ ឈ្មោះ នៅ វិចិត្រ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិសំរោង ក្នុងឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទី៣ ឈ្មោះ អ៊ុន សំណាង ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិសំរោង ក្នុងឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទី៤ ឈ្មោះ បន បែន ភេទប្រុសអាយុ២២ឆ្នាំ របរជាងសំណង់ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ។ ទី៥ ឈ្មោះ ជេត សុបញ្ញា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិ១៣មករាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ ទី៦ ឈ្មោះ ជា លីនដា ភេទស្រី អាយុ ១៦ ឆ្នាំរបររត់តុ រស់នៅភូមិទួតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ទី៧ ឈ្មោះ សុខ បូរ៉ា ហៅបារាំង ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ វត្ថុតាំងដែលដកហូតបានមានថ្នាំញៀនម៉ាទឹកកក១២កូនថង់តូច ស្មើទម្ងន់៨,៨៣ក្រាម ដែកកេះចំនួន ៨ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ១ ថង់ប្លាស្ទិក សំរាប់វិចខ្ចប់មួយចំនួន ដបសំរាប់ជក់ចំនួន១ ទូរស័ព្ទចំនួន ៤ គ្រឿង ដាវសាម៉ូរ៉ៃចំនួន១ប្រាក់ខ្មែរចំនួន១៥ម៉ឺនរៀល។
ឈ្មោះ ឆាន់ កុម្ភៈ ហៅស្រីនាង ប្រពន្ធម្ចាស់ផ្ទះ បានសារភាពថា ពួកគាត់រកស៊ីចែកចាយប្រើប្រាស់ថ្នាំញៀនប្រហែល៥ឆ្នាំកន្លងមកហើយ។
លោក ស សេដ្ឋា នាយការិយាល័យបទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថា ជនសង្ស័យទាំង ៧ នាក់ និងវត្ថុតាងត្រូវបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។ រីឯជនសង្ស័យ ឈ្មោះ មិន ពិសិដ្ឋ ជាមេខ្លោងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕