បាត់ដំបង ៖ ផ្សារភ្នំព្រឹកមានចំនួន ២៤៤ តូប ត្រូវអគ្គីភ័យលេបត្របាក់ អស់គិតទឹកប្រាក់សរុបអស់១,៥លានដុល្លាអាមេរិក កាលពីម៉ោង១១និង៤៥នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ។ ដោយមានជួយអន្តរាគមន៍ពីសមត្ថកិច្ចថៃខ្មែរមានរថយន្តអគ្គីភ័យ៦គ្រឿងនិងរថយន្តដឹកទឹកឯកជន២គ្រឿងទើបមិនអាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជុំវិញផ្សារ ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថា ការឆេះផ្សារភ្នំព្រឹកបំផ្លាញតូបលក់អស់២៤៤តូប គិតជាសាច់ប្រាក់ប្រហែល១,៥លានដុល្លាអាមេរិក ។ ការឆេះដោយសារផ្ទុះស្សេខ្សែភ្លើងឆាបឆេះពីជញ្ជាំងតូបលក់ក្រណាត់មុន ។
លោក សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះបានប្រឹងប្រែងជួយពន្លត់ភ្លើងនេះ មិនអោយឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋជិតខាងហើយក្នុងនោះក៏មានរថយន្តពន្លត់អគ្គីភ័យខ្មែរចំនួន៣គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យប្រទេសថៃចំនួន៣គ្រឿងនិងរថយន្តដឹកទឹកឯកជនចំនួន២គ្រឿងផងដែរ ។ ក្នុងហេតុការណ៍នេះមិនមានប្រជាពលរដ្ឋណារងគ្រោះថ្នាក់ឡើយ ៕