បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១៤ កញ្ញា ២០១៥ នៅសាលាខេត្តបន្ទាយមានជ័យក្នុងកិច្ចប្រជុំពិភាគ្សាសម្តែងការគួរសម ជាមួយលោក គោស៊ុំ សារឿតអភិបាលខេត្តបន្ទាយមានជ័យនិង លោក អគ្គរាជទូតថៃប្រចាំកម្ពុជា បានស្នើរដល់អាជ្ញាធរខេត្ត និងខេត្តដទៃទៀតរបស់កម្ពុជា ពិនិត្យ និងមានវិធានការលើការតាំងពិរពណ៌ពាណិជ្ជកម្ម ដែលមិនមែនជាពិរពណ៌ពាណិជ្ជកម្មមិត្តភាពកម្ពុជាថៃជាផ្លូវរដ្ឋ ដោយនាំយកទំនិញក្លែងបន្លំ និងខូចគុណភាព មកដាក់តាំងនាំអោយប៉ះពាល់ដល់សុខភាព និងធ្វើអោយប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការណ៍ និងចំណងមិត្តភាពកម្ពុជាថៃ ។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានអោយដឹងថា បើសិនជាមានក្រុមហ៊ុនឯកជនរបស់ថៃ ធ្វើការដាក់តាំងពិរពណ៌ដោយប្រើទង់ជាតិរបស់ថៃ ឬប្រើស្លាកយីហោថា ពិរពណ៌មិត្តភាពកម្ពុជាថៃដែលមិនមែនជាការតាំងពិរពណ៌ដោយរដ្ឋាភិបាលថៃដោយគ្រាន់តែជាការលក់ដូរធម្មតា សូមអោយអាជ្ញាធរកម្ពុជាធ្វើការត្រួតពិនិត្យ និងកុំអោយប្រើទង់ជាតិ ឬក៏ស្លាកយីហោខាងលើធ្វើអោយមានការយល់ច្រឡំ ។ ព្រោះថា កន្លងមកលោក សង្កេតឃើញថា មានក្រុមហ៊ុន ថៃជាច្រើនបាននាំយកទំនិញមិនល្អ ដែលមិនមែនជាទំនិញរបស់ក្រុមហ៊ុនថៃ ដោយខ្លះជាទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព មកធ្វើការដាក់តាំងលក់ជារបៀបតាំងពិពណ៌ ។
ឆ្លើយតប និងការសំនូមពររបស់ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា កន្លងមកខេត្តបន្ទាយមានជ័យ ទទួលបានការតាំងពិពណ៌ជាមិត្តភាពកម្ពុជាថៃ ជាច្រើនដង ដោយក្នុងនោះ មានមកពីខេត្តឈុនបូរី ប្រទេសថៃ និងក្រោយមកទៀត មានការតាំងពិពណ៌នៅក្រុងប៉ោយប៉ែត តែលោកពុំដឹងថា ការតាំងពិពណ៌ទាំងនោះមានទំនិញយ៉ាងណានោះឡើយ ហើយលោកនឹងចាត់ការអោយខាងមន្ទីរពាណិជ្ជកម្មធ្វើពិនិត្យលើកិច្ចការនេះ ។
ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានលើកយកពីសក្តានុពល របស់ខេត្តបន្ទាយមានជ័យ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ដែលវិស័យទាំងអស់នេះកំពុងត្រូវបានចាប់អារម្មណ៍ និងមានការវិនិយោគបង្កើតជារោងចក្រ ។ ហើយលោកក៏បានស្នើដល់អគ្គរាជទូតថៃធ្វើការទាក់ទាញវិនិយោគរបស់ថៃ មកវិនិយោគនៅខេត្តបន្ទាយមានជ័យបន្ថែមទៀត ។ ក្នុងនោះដែរ លោកក៏សូមអោយដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមអគ្គរាជទូត និងប្រតិភូអមដំណើរទទួលបានជោគជ័យគ្រប់ភារកិច្ច ៕