ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ជាឃាតក វាយកាប់សម្លាប់ប្រពន្ធរបស់ខ្លួន ដែលមានផ្ទៃពោះ ៧ ខែ យ៉ាងសាហាវ ដោយខឹងមិនអោយរួមភេទជាមួយ ត្រូវកម្លាំងអធិការស្រុកមេមត់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីម៉ោង៩ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ដើម្បីចាត់ការទៅតាមនីតិវិធី។
ហេតុការណ៍ដ៏សាហាវនេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នៅចំណុចភូមិម្ហោះ ឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រីហុង គឹមហឿន អធិការ នគរបាលស្រុកមេមត់បានឲ្យដឹងថាករណីឃាតកម្ម ដោយចេតនា (វាយ និងកាប់ដោយវត្ថុរឹងមុត)ខាងលើបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នៅចំណុចផ្ទះឈ្មោះប៉ុម ស្រីមុំ អាយុ២២ឆ្នាំ (ត្រូវជាប្រពន្ធជនសង្ស័យ)ស្ថិតក្នុងភូមិម្ហោះ ឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ចំណែកជនល្មើសជាប្ដីមានឈ្មោះ ស៊ា ក្រោល អាយុ២៥ឆ្នាំ បានសម្លាប់ប្រពន្ធរបស់ខ្លួនដោយសារតែប្រពន្ធរបស់គេមានអារម្មណ៍ធុញទ្រាន់មិនព្រមឲ្យរួមភេទជាមួយទើបធ្វើឲ្យគេខឹងសម្បា ក៏ប្រើអំពើហិង្សា វាយដំទាត់ធាក់និងប្រើវត្ថុរឹងមុតកាប់សម្លាប់តែម្តង។
លោក អធិការបានបន្តទៀតថា ដោយការស្រាវជ្រាវពិនិត្យទៅលើអង្គហេតុឃើញថាវាស៊ីសង្វាក់ទៅនឹងពេលវេលាម៉ោងកើតហេតុ យើងធ្វើការសន្និដ្ឋានសង្ស័យឈ្មោះ ស៊ា ក្រោល ជាប្តីជាឃាតក ទើបយើងសម្រេចចិត្តសុំគោលការណ៍ ទៅលោកព្រះរាជអាជ្ញាឃាត់ខ្លួន បុរសជាប្តីមកសាកសួរ ។ ក្រោយទទួលចម្លើយសារភាព ពីឃាតករសម្លាប់ប្រពន្ធប្រាកដមែន ដូច្នេះបុរសម្នាក់ជាឃាតករវាយកាប់សម្លាប់ប្រពន្ធ របស់ខ្លួនត្រូវបានកសាងសំណុំរឿងមនុស្សឃាតបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី៕