បាត់ដំបង ៖ ដើមក្ងោកងាប់ជាង ១ ឆ្នាំ បានដួលសង្កត់បុរសម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់ ពេលដើរកាត់ក្បែរវា កាលពីម៉ោង ៨និង៣០នាទី នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុច ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពពីសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលដើមក្ងោកដួលសង្កត់២នាក់៖ទី១ ម្នាក់ ឈ្មោះ ជីម ជឿម ភេទប្រុសអាយុ ៧៨ ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុនិងទី២ ឈ្មោះ ឡាក់ ឌី ភេទប្រុសអាយុ៣១ឆ្នាំ ជាមន្ត្រីយោធាសឹករងស្រុកសំពៅលូនត្រូវបានបញ្ចូនទៅមន្ទីរខេត្តបាត់ដំបង ។
ដើមក្ងោកដែលដួលស្ថិតក្នុងដីលោក ស៊ិន ស៊ឺន ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិឃុំខាងលើនិងមានមុខងារជាមេឃុំជ្រៃសីម៉ា ។
បើតាមសម្តីម្ចាស់ដីលោក ស៊ិន ស៊ឺន បានអោយដឹងថា ដើមក្ងោកដួលនេះ វាងាប់រយះពេលជាងមួយឆ្នាំហើយ គាត់បានបន្តទៀតថា នៅពេលកើតហេតុដួលដើមក្ងោកនោះ មិនមានហេតុភេទអ្វីកើតឡើងនោះទេ ដូចជាភ្លៀង ខ្យល់ ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះ គឺសំឡេងស្រែកចេញពីទ្រុងមាន់ក្រោយផ្ទះថាជួយផងៗជួយឪតាផង ទើបម្ចាស់ដីរត់ទៅមើលទើបដឹងថា ដើមក្ងោកដួលសង្កត់មនុស្ស ។
ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ មានការចុះពិនិត្យនៅកន្លែងកើតហេតុ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី និងចាំម្ចាស់ដីចេញពីចំការវិញ ធ្វើការដោះស្រាយគ្នា ៕