បាត់ដំបង ៖ លោក ស្រី សុខុន មេបញ្ជាការនគរបាលការពារវរៈព្រំដែនគោក ៨១៧ បានឃុបឃិតគ្នាប្រើគ្រឿងចក្រជីករ៉ែមាស គ្មានច្បាប់ទំលាប់ ក្នុងអូរជាប់ព្រំដែនបង្កអោយខូចបរិស្ថាននិងខ្សែក្រវ៉ាត់បន្ទាត់ព្រំប្រទល់ រវាងប្រទេសកម្ពុជា និងប្រទេសថៃនៅភូមិឃុំចក្រីស្រុកសំពៅលូនខេត្តបាត់ដំបង ។
តាមការអោយដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ថា ការជីក ឬរករ៉ែមាសតាមដងអូរប្រជាពលរដ្ឋភាគច្រើនកាយកើបរែង នឹងដៃចំណែក លោក ស្រី សុខុន មេបញ្ជាការនគរបាលការពារវរៈព្រំដែនគោក ៨១៧ បានឃុបឃិតគ្នាជាមួយលោក មូល ប៊ុនថា នាយប៉ុស្តិ៍វរៈព្រំដែនគោកចក្រីយកគ្រឿងចក្រម៉ៃខូងចំនួន ២ គ្រឿងកាយតាមដងអូរព្រំប្រទល់ថៃកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ។
មានមតិរិះគន់ថា ការដែលប្រើម៉ៃខូងកាយអូរយករ៉ែនេះ បង្កអោយខូចខាតផ្លូវទឹកបង្កើតទឹកជំនន់មានទឹកពិបាកប្រើប្រាស់ ដោយមានកករ ឬជាតិពុលជាពិសេសខូចទ្រង់ទ្រាយខ្សែបន្ទាត់ព្រំដែន អាចអោយទឹកដីកម្ពុជាបាត់បង់ទឹកដី ២ ទៅ ៣ ម៉ែត្រទៀតជាក់ជាពុំខាន ។
ពាក់ព័ន្ធករណីនេះលោក ស្រី សុខុន មេបញ្ជាការនគរបាលការពារវរៈព្រំដែនគោក ៨១៧ មិនលើកទូរស័ព្ទឡើយ ៕