ខេត្តបន្ទាយមានជ័យ ៖ កំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនបុរសម្នាក់និងថ្នាំញៀនម៉ាទឹកកក៥កូនថង់តូចទៅតុលាការ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី បន្ទាប់ពីកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតនាំមកទីបញ្ជារការអាវុធហត្ថខេត្ត។
បុរសសង្ស័យត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួននៅតាមដងផ្លូវកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិ មិត្តភាព សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
សមត្ថកិច្ចអាវុធហត្ថបានអៅយដឹងថាបុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះហេង រស្មី ហៅ ថៃ អាយុ ៤៣ឆ្នាំ មានស្រុកកំណើតភូមិ ស្រែវា ឃុំ ស្រែវា ស្រុក ចំការលើ ខេត្ត កំពុងចាម។បច្ចុប្ប្នន្នរស់នៅភូមិ ចាន់គីរី សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងដកហូតវត្ថុតាងម៉ាទឹកកកបាន៤កូនថង់តូច។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចហើយកំលាំងអាវុធហត្ថបានចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យបានរកឃើញគ្រឿងញៀនម៉ាទឹកកក១ថង់ទៀតនិងកូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន រួចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកមូលដ្ឋាន អ ហ ក្រុង ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ ហេង រស្មី ហៅ ថៃ បានឆ្លើយសារភាពថាខ្លួនគេពិតជាបានប្រព្រឹតអំពើចាកចាយគ្រឿងញៀនពិតប្រាកដមែន ដោយទិញបន្តពីឈ្មោះ ល័ក្ដ ភេទ ប្រុស ជាអ្នករកស៊ីគ្រឿងញៀននៅម្ដុំកាស៊ីណូផ្កាយប្រាំ។
បច្ចុប្បន្នឈ្មោះ ល័ក្ដ សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ រីឯជនសង្ស័យឈ្មោះ ហេង រស្មី ហៅ ថៃ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងពីបទលក់ចាកចាយគ្រឿងញៀនខុសច្បាប់បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕