បាត់ដំបង ៖ ក្រុមគ្រួសាររងគ្រោះ ដោយអំពើហឹង្សា ប្រើកាំបិតប៉័ងតោកាប់ជាច្រើនកាំបិត កាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ នៅក្រុមទី១០ ភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង សូមអំពាវនាវដល់សម្បុរសជននិងក្រុមការងារជួយព្រោះគ្មានថ្នាំព្យាបាល ហើយជនសង្ស័យរត់គេចខ្លួនបាត់រហូតដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៥មិនចេញមកដោះស្រាយ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ពុធ ឆៃ ហៅ ឆាយ អាយុ២៦ឆ្នាំមានប្រពន្ធឈ្មោះ កៀន វាសនា ហៅតឿ អាយុ២៤ឆ្នាំ និងមានកូនស្រីតូចអាយុ ២ ខួប ជាគ្រួសារក្រីក្រ នៅក្រុមទី២ ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ ចំណែកជនសង្ស័យ ឈ្មោះ ឡេង វុទ្ធី អាយុ២៦ឆ្នាំ (មានប្រពន្ធឈ្មោះ ឃឿន ពឿន អាយុ២៥ឆ្នាំ) ទើបមករស់នៅបាន ៣ ឆ្នាំ នៅក្រុមទី១០ ភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ ប្រពន្ធជនសង្ស័យប្តឹងជនរងគ្រោះពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ទាជំងឺចិត្ត១៥០០ដុល្លា ។
អ្នកស្រី ឆាយ សុវណ្ណដា មេភូមិអូរននោងបានអោយដឹងថា នៅម៉ោង៩និង៤០នាទី យប់កើតហេតុ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីឈ្មោះ ឃឿន ពឿន បានរត់ទៅដល់ផ្ទះខ្លួនទាំងត្រហេបត្រហប ប្តឹងឈ្មោះ ពុធ ឆៃ ហៅ ឆាយ ឡើងលើផ្ទះប៉ុនប៉ងចាប់រំលោភ ពេលនាងកំពុងដេកជាមួយកូន២នាក់ ។ ពេលកំពុងរៀបរាប់រឿងចាប់រំលោភនេះ ខ្លួនបានសួរនាំ នាងនិងមិនអោយប្រាប់ប្តីនាងដែរ ដោយពន្យល់ថា ចាំភ្លឺយើងរកខុសត្រូវតាមផ្លូវច្បាប់ តែនាងថាបានប្រាប់ប្តីរួចហើយ និយាយមិនទាន់ចប់ត្រឹមត្រូវផង ក៏ឮថាប្តីនាងឈ្មោះ ឡេង វុទ្ធី កាន់កាំបិតប៉័ងតោកាប់លើឈ្មោះ ពុធ ឆៃ ហៅ ឆាយ របួសធ្ងន់ផ្អើលទាំងយប់តែម្តង ។
ជនរងគ្រោះឈ្មោះ ពុធ ឆៃ ហៅឆាយ បានអោយដឹងថា កាលពីម៉ោងប្រហែល៧ យប់កើតហេតុ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ខ្លួនបានផឹកស៊ីនៅផ្ទះ ពុធ វ៉ាន់ ហៅ ម៉ាប់ អាយុ៤២ឆ្នាំ នៅក្រុមទី១០ ភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ។ ក្រោយមក ខ្លួននិងឪពុកធម៌ឈ្មោះ ម៉ិល ឃឿន អាយុ៥២ឆ្នាំ (និងត្រូវជាឪពុកបង្កើត ឈ្មោះ ឃឿន ពឿន) បាននាំគ្នាទៅភូមិវាលរលឹម ។ លុះដល់ម៉ោង ៩ យប់ថ្ងៃដដែល ខ្លួនបានជិះម៉ូតូពី ភូមិវាលរលឹម សំដៅមកផ្ទះ ពុធ វ៉ាន់ ហៅ ម៉ាប់ ដោយអកុសល ពេលជិះមកស្ពានជិតផ្ទះនោះក៏ដួលម៉ូតូ ខណៈនោះ ឈ្មោះ ឃឿន ពឿន ដើរចេញពីផ្ទះ ដើម្បីតាមប្តីពីកន្លែងផឹក (ផ្ទះពុធវ៉ាន់ ហៅ ម៉ាប់) ទៅផ្ទះវិញ តែមកជួបខ្លួនកំពុងដួលម៉ូតូរបួស នាងក៏នាំខ្លួនទៅផ្ទះដើម្បីលាបថ្នាំនិងលាងរបួស ពេលនោះ ខ្លួនបានអោយនាងបើកភ្លើងបំភ្លឺ នាងមិនព្រមបើក ខ្លួនក៏ត្រឡប់មកវិញ ហើយចូលដេកនៅផ្ទះម្តាយទល់មុខផ្ទះ ពុធ វ៉ាន់ ហៅ ម៉ាប់ មួយសន្ទុះក្រោយមក ក៏ឮសម្លេងស្រែកឡូឡា ខ្លួនដើរចេញមកក្រៅផ្ទះ ស្រាប់តែឈ្មោះ ឡេង វុទ្ធី កាន់កាំបិតប៉័ងតោកាប់លើខ្លួន រហូតដួលសន្លប់តែម្តង ។
ក្រុមគ្រួសាររងគ្រោះបានអំពាវនាវដល់សម្បុរសជន និងក្រុមការងារជួយ ព្រោះគ្រួសារនេះគ្មានប្រាក់ទិញថ្នាំព្យាបាលទេ ម្យ៉ាងវិញទៀត ទៅប្តឹងសមត្ថកិច្ច គេមិនចាត់ការអោយទេ ទុកអោយជនបង្កហឹង្សាគេចខ្លួនបាត់ ៕