បាត់ដំបង ៖ បុរសម្នាក់នាំស្រីស្នេហ៍ឡើងឋានសួគ៌ ពេលនាងចេញទៅបាត់ផឹកស្រា ជក់បារី បណ្តាលអោយគាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល កាលពីម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងក្រុមទី១០ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សមត្ថកិច្ចនគរបាលដឹកនាំដោយឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌បានអោយដឹងថា សាកសពបុរសរងគ្រោះឈ្មោះ ទឹត្យ វណ្ណា ហៅទីអាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង និងខេត្តបាត់ដំបង។ចំណែកស្ត្រីម្ចាស់ផ្ទះជួលឈ្មោះ សំ សៀម អាយុ៣៩ឆ្នាំ ។
ប្រភពពីកម្មករផ្ទះជួលឈ្មោះ ចាន់ សម្បត្តិ ភេទប្រុសអាយុ២៣ឆ្នាំ បានអោយដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែល០៩ព្រឹក ថ្ងៃទី០៤ កញ្ញា ២០១៥ ឃើញជនរងគ្រោះបានជិះម៉ូតូឌុប ២ នាក់ស្រីស្នេហ៍មកជួលបន្ទប់ដេក ហើយបានទិញស្រាថ្នាំ១ដបទៅផង ក្រោយមកម៉ោងប្រហែល
១១នឹង៣០នាទីព្រឹក ស្រីស្នេហ៍បុរសរងគ្រោះក៍បានចេញទៅវិញ ដោយជនរងគ្រោះនៅដេកស្រម៉ុកម្នាក់ឯង លុះដល់ម៉ោង៥និង៣០នាទីល្ងាច ខ្លួនជាកម្មករបានទៅគោះទ្វារ ដើម្បីយកលុយថ្លៃបន្ទប់ ដោយពុំឮសម្លេងឆ្លើយ ខ្លួនក៏រុញទ្វារចូលទៅ ហើយអង្រួនជនរងគ្រោះមិនកំរើក ក៏មកហៅអ្នកស្រី សំ សៀម អោយទៅជួយមើល ទើបដឹងថា ជនរងគ្រោះដេកស្លាប់ស្តូកនៅលើគ្រែ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ធ្វើកោសល្យវិច័យ លោកគ្រូពេទ្យ តោ វិធ បានអោយដឹងថា សពជនរងគ្រោះមិនមានគេវាយធ្វើបាបឡើយ ពេលពិនិត្យមិនឃើញមានស្លាកស្នាមអ្វីទេ ហើយក៏មិនមានជាតិថ្នាំពុលអ្វីនោះដែរ គឺឃើញមានកន្ទុយបារីចំនួន ៥ និងដបស្រា ១ ដប ផឹកមិនទាន់អស់ ម្យ៉ាងទៀត នៅក្នុងមាត់សពមិនទាន់លេបស្រាចូលអស់ទៀត ។ នេះបញ្ជាក់ថា បុរសរងគ្រោះ ក្រោយពេលរួមភេទជាមួយដៃគូរ រួចខ្សោយឋាមពលអស់កម្លាំង ផឹកស្រាបន្ថែមទៀត អាចបណ្តាលអោយស្លាប់ដោយសារគាំងបេះដូង មិនមែនជារឿងឃាតកម្មទេ ។ ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕