ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៥ លោក គឹម សុវណ្ណ អាជ្ញាធរស្នើរអោយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវរុះរើសំណង់លើចិញ្ចើមផ្លូវ ចំនួន ២ ខ្សែ ស្ថិតនៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដើម្បីអភិវឌ្ឃន៍ ចាក់បេតុង ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ផ្លូវដែលបើកការដ្ឋានមានចំនួន ២ខ្សែប្រវែង ១៨០០ម៉ែត្រ គ្រាដែលខ្សែទីមួយមានប្រវែង៩០០ម៉ែត្រ និងផ្លូវខ្សែទីពីរមានប្រវែង ៩០០ម៉ែត្រស្ថិតនៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ហើយផ្លូវប្រវែង ១៨០០ម៉ែត្រនេះគឺកសាងដោយថវិការក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូនដែលគ្រោងថវិការជិត ១០០០០០ដុល្លាអាមេរិក ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ផ្លូវ២ខ្សែនេះគឺរយៈពេលកន្លងមកប្រជាពលរដ្ឋជួបការលំបាកនៅរដូវវស្សា ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្រសួងសាធារណការ និងដឹកជញ្ជូនបានជួយកសាងផ្លូវដំបូងដោយក្រាលគ្រួសក្រហម និងពេលក្រោយនឹងអាចចាក់បេតុងដើម្បីអោយប្រជាពលរដ្ឋទៅមកបានដោយងាយស្រួល និងងាយស្រួលដល់សិស្សទៅសាលាផងដែរ ចាប់ពីពេលនេះទៅប្រជាពលរដ្ឋនឹងរួចផុតពីការលំបាកដោយទឹកជនលេចផ្លូវទៀតហើយ
។
លោកអភិបាលខេត្តក៏បានសុំអោយអ្នកដែលរស់នៅលើចិញ្ចើមផ្លូវត្រូវចូលរួមរុះរើសំណង់ដោយខ្លួនឯង ហើយក្រសួងគ្មានថវិការដោះគោលនយោបាយឡើយ ចំណែកប្រព័ន្ធរំដោះទឹកសងខាងផ្លូវគឺមន្ទីរសាធារណៈការជាអ្នកកាយអោយ ហើយប្រជាពលរដ្ឋចូលរួមដាក់លូ តាមមុខផ្ទះរៀងៗខ្លួន ៕