ខេត្តបាត់ដំបង ៖ អាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនស្ត្រីម្នាក់ បម្រុងលក់ថ្នាំញៀន ចែកចាយថ្នាំញៀន ដោយខុសច្បាប់ នៅភោជនីយ៍ដ្ឋាន79 កាលពីវេលាម៉ោង ៨ថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៥ក្នុងភូមិដំណាក់ហ្លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
លោកអនុសេនីយ៌ឯក សំ វិឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង បានអោយដឹងថា ស្ត្រីសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ នី អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិបឹងកេងកងខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ម្សៅ ពណ៌ស ចំនួន១កញ្ចប់ ទម្ងន់៧០,៧២ក្រាម ។
លោកបានបញ្ចាក់ថា ក្រោយទទួល សេចក្តីរាយការណ៍ពីបណ្ដាញ មានករណីលក់ចែកចាយថ្នាំញៀនមកពីភ្នំពេញ លោកបានស្នើយោបល់លោក ប៉ោ វិចិត្រ មេបញ្ជាការអាវុធហត្ថក្រុងបាត់ដំបងដើម្បីដឹកនាំកម្លាំង ចុះបើកការស៊ើបអង្គេត ទើបឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ខណៈកំពុងណាត់ ដោះដូរថ្នាំញៀន ។
ស្ត្រីសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៥ដើម្បីចាត់ការតាមនិតិវិធី៕