បាត់ដំបង ៖ ប្តីចុងកាប់ប្តីដើមរបួសធ្ងន់ បន្ទាប់ឮថា ប្តីដើមវាយធ្វើបាបប្រពន្ធ ទើបបានគ្នាប្រហែល១០ថ្ងៃ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០១៥ នៅភូមិតាតុក ២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២០និង៣០នាទី ថ្ងៃទី២៩ សីហា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិតាតុក២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
លោកអនុសេនីយ៏ឯក ប៉ោ សុខឃាង មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមោងឬស្សីបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ចាន់ណៃ អាយុ២៨ឆ្នាំ របួសជាច្រើនកាំបិតត្រូវចំដៃស្តាំ ១ កាំបិត ឆ្អឹងជំនី១កាំបិត ចំមុខ១កាំបិត និងចំក១ កាំបិតឈាមហូរស្រោចពេញខ្លួន មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
បុរសរងគ្រោះបានលែងលះប្រពន្ធឈ្មោះ ថូណា បានប្រហែលជាង១០ថ្ងៃ ។ ចំណែកជនសង្ស័យមាន ឈ្មោះ ផាន់រដ្ឋា (ហៅស៊ីស) អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ជនសង្ស័យធ្លាប់ជាប់គុករយៈពេល៥ឆ្នាំ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ទើបរួចខ្លួនពីមន្ទីរឃុំឃាំងបានប្រហែលជាង ១ ខែ និងទំនាក់ទំនងជាស្ត្រីឈ្មោះ ថូណា (អតីតប្រពន្ធឈ្មោះចាន់ណៃ) បានប្រហែល ១០ ថ្ងៃ ។
សាក្សីបានប្រាប់សមត្ថកិច្ចថា នៅម៉ោង២០និង៣០នាទី ថ្ងៃទី២៩ សីហា ឆ្នាំ២០១៥ កូនប្រុសនិងក្មួយ(ឈ្មោះចាន់ណៃឈ្មោះថូណា) បានរត់ទៅប្រាប់ជនសង្ស័យឈ្មោះ ផាន់ រដ្ឋា (ហៅស៊ីស) ថា ឈ្មោះចាន់ណៃ បានវាយធ្វើបាបម្តាយខ្លួន ពេលនោះ ឈ្មោះ ផាន់រដ្ឋា (ហៅស៊ីស) បានទៅជួបជនរងគ្រោះ ឈ្មោះ ចាន់ណៃ ហើយសួរថាមានរឿងស្អីបងណៃ ពេលនោះជនរងគ្រោះមិនឆ្លើយ ។ ជនសង្ស័យបានទាញកាំបិតប៉័ងតោ ពីបង្គោលរបងផ្ទះ កាប់លើជនរងគ្រោះជាច្រើនកាំបិត គ្មានប្រណីដៃរហូតដួលឈាមដាបពេញដី ហើយជនសង្ស័យដើរចេញបាត់ ។
លោកមេបញ្ជាការបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនិតិវិធីបន្តទៅតុលាការ ៕