ខេត្តបន្ទាយមានជ័យ ៖ លោក លីសារី អភិបាលរងខេត្តបន្ទាមានជ័យ នាំអំណោយសប្បុរសជនជូនលោកយាយអាយុ៩៧ឆ្នាំគ្មានទីពឹង ដែលមានជីវភាពលំបាកនិងសុំផ្ទះគេស្នាក់នៅ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២១៥ ស្ថិតក្នុងភូមិខ្លាកូនចាស់២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ និងមានមន្ត្រីកងរាជអាវុធហត្ថបានចូលរួមក្នុងការចែកអំណោយបានអោយដឹងថា លោកយាយមានឈ្មោះ ង៉ែត សេង អាយុ ៩៧ ឆ្នាំ ។
លោកយាយ ង៉ែត សេង បាននិយាយប្រាប់អ្នកយកព៌ត័មានឲ្យដឹងថា កាលពីជាង១០ឆ្នាំមុន គាត់បានសុំគេរស់នៅក្នុងភូមិកងវ៉ា ក្រោយពីម្ចាស់គេលក់ផ្ទះទៅគាត់រស់នៅតែលតោល គ្មានទីពឹងហើយក៏ដាច់ចិត្តមកសុំគេរស់នៅក្នុងភូមិខ្លាកូនចាស់ ដែលមានម្ចាស់ផ្ទះឈ្មោះដាវីអា យុ៤៥ឆ្នាំជាស្ត្រីម៉េម៉ាយ(ប្តីរបស់គាត់ទើបតែស្លាប់ថ្មី) ។ ក្នុងការរស់នៅជាមួយឈ្មោះ ដាវី នោះ គាត់មានការថ្នាក់ថ្នមលោកយាយទុក ដូចជាយាយ ជាម្តាយបង្កើតអញ្ចឹងមានអ្វីហូបក៏ចែកឲ្យហូបដែរ។
លោកយាយបានបញ្ជាក់ទៀតថាកាលពីមុនគាត់គ្មានកូន គ្មា នចៅ ពិសេសប្តីគាត់ស្លាប់ចោលគាត់ជាច្រើនឆ្នាំមកហើយ គាត់រស់នៅម្នាក់ឯងយ៉ាងវេទនាបំផុត ទើបថ្ងៃនេះគាត់បានទទួលអំណោយពីសប្បុរសជន ដែលមានដូចតទៅ ទី១មានឈ្មោះ សូវ សាង ១០ម៉ឺនរៀល ទី២ លោក សាំង គង់ ៦ ម៉ឺនរៀល ទី៣លោកផលបឹងឈូក ១០ ម៉ឺនរៀល ទី៤ លោក ឈៀង ម៉ៃយូ ៣០ ដុល្លា ទី ៥ លោក សោម រិទ្ធី ៩ ម៉ឺនរៀល ទី៦លោក សឹម ប៊ុនធូ ២០ ដុល្លា សរុបទឹកប្រាក់ ៣២ ម៉ឺនរៀល ហើយមានសំភារៈដំណេកមួយឈុត អង្ករ២៥គីឡូ ទឹកត្រីនិងទឹកស៊ីអ៊ីវ ៤ យួរ ម៉ី ៣ កេះ កន្ទេល ១ ប៉ាតង់ ១សំភារៈសំអាងខ្លួន១ឈុត ។
លោកយាយ ង៉ែត សេង ក្រោយពីបានទទួលអំណោយពីសប្បុរសជនរួចមក លោកយាយបានលើកម្រាមដៃ១០សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សាដល់ លោក លី សារី អភិបាលរងខេត្តឲ្យជួបប្រទះតែសេចក្តីសុខ កុំឲ្យមានទុក្ខបៀតបៀនឡើយ និងអស់លោកសប្បុរសជនមានសុខភាពល្អបរិបូរណ៌ ដើម្បីបំពេញការងារតទៅមុខអោយបានរលូន៕