បាត់ដំបង៖ កាលពីរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយក្រុមបង្កាបង្ក្រាប ចុះទៅបង្ក្រាបទីតាំងចាក់ភ្នាល់បាល់តាមប្រព័ន្ធអ៊ិនធឺណែត២ កន្លែង យីហោ BTB Online និង Internet Cafe ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពត៌មានពីលោក ជេត វណ្ណី ស្នងការរងកណ្តាលយុត្តិធម៌បានអោយដឹងថា ៖ ក្នុងការចុះបង្ក្រាបទីតាំងភ្នាល់ចាក់បាល់ខាងលើ ឃាត់ខ្លួនបុគ្គលិក និង អ្នកលេងភ្នាល់ ចំនួន ១២ នាក់ ព្រមទាំងដកហូតកុំព្យូទ័រ ចំនួន ៥៣ ឈុត និង ថវិកាជាច្រើនលានរៀល។
នៅក្នុងចំណោមបុគ្គលិកទាំងអស់នោះមានមេការ ចំនួនពីរនាក់ដែលបម្រើការនៅក្នុងទីតាំងខាងលើ១- ឈ្មោះ ទិត្យ សុវិជ្ជា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់សា្វយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២- ឈ្មោះ ធឿន ពៅ ភេទស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅក្នុងភូមិព្រែក មហាទេព សង្កាត់សា្វយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងធ្វើការសាកសួរដើម្បីអបរំ និង ផាកពិន័យរួចហើយអោយវិលត្រលប់មកផ្ទះវិញ ៕
ដោយ សុខ កុសល