ខេត្តសៀមរាប ៖ ផ្ទះ១ខ្នងធ្វើអំពីឈើលើ ថ្មក្រោមប្រក់ក្បឿងឆេះទាំងស្រុងព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់រលីង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយម្ចាស់អុចធូបទុកចោលលើផ្ទះ រួចនាំគ្នាមកអង្គុយលេងខាងក្រោម កាលវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២២ខែសីហា ឆ្នាំ២០១៥ស្ថិតនៅ ក្រុមទី៨ ភូមិថ្មី សង្កាត់ស្វាយដង្គំក្រុងសៀមរាប ។
លោកវរសេនីយឯក សំ សុជាតិ ស្នងការរងទទួលការងារ អាវុធជាតិផ្ទុះអគ្គីភ័យអោយដឹងថាផ្ទះដែលភ្លើងឆេះ ធ្វើអំពីឈើលើ ថ្មក្រោមប្រក់ក្បឿងមានទំហំ ៦ម X ៧ម និងទ្រព្យសម្បត្តិ មួយចំនួនធំដូចជា មាសសុទ្ធ អស់ ចំនួន២តំឡឹង,ប្រាក់ដុល្លា ចំនួន១០០០០ ដុល្លា, ប្រាក់រៀល៤លានរៀល,ទូរឈើបញ្ឈរ ចំនួន៣ទូរ,គ្រែឈើចំនួន២គ្រែ,ទូរទស្សន៍ចំនួន២,ប្លង់ដីចំនួន១០ប្លង់ , សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រអាពាហ៍ពិពាហ៍ឆេះអស់ទាំងស្រុង ព្រមទាំងសំលៀកបំពាក់និង សម្ភារៈមួយ ចំនួនទៀត។ ម្ចាស់ផ្ទះ មានឈ្មោះ នឹម សឿម ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិ កើតហេតុខាងលើ។
ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនបានអុចធូបបន់ស្រន់ទុកចោលនៅក្នុងកន្លែងអសនៈ រួចពួកគាត់ បានចុះមកក្រោមផ្ទះនាំគ្នា អង្គុយលេង ពេលភ្លើងឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើលឆោរឡោរ ស្រែកហៅអ្នកជិតខាងជួយ ប៉ុន្តែជាអកុសលមិនអាចជួយយកទ្រព្យសម្បត្តិបានមកវិញខ្លះសោះ ។
លោកស្នងការរងបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានថាមានភ្លើងឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្វាយដង្គំ លោកក៏បានឱ្យកម្លាំងរថយន្តពន្លត់អគ្គីភ័យ ចំនួន៣ គ្រឿងរបស់ ស្នងការនគរបាលខេត្តទៅ ជួយពន្លត់ ដោយប្រើទឹកអស់ទាំង៣ឡាន ទើបអាចទប់ស្កាត់បានមិនឱ្យរាលដាលទៅផ្ទះអ្នកជិតខាងបាន៕