សៀមរាប ៖ ឈ្មោះ ភា បើកល្បែងស៊ីសងអាប៉ោងយូរហើយនៅភូមិចុងកៅស៊ូ និងបើកជល់មាន់នៅបារាយ៍ លោកអធិការក្រុងសៀមរាប ទើបមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៥ ពេលអ្នកយកព័ត៌មានធ្វើបទសម្ភាសន៍ ។
ប្រភពពីអ្នកលេងល្បែងស៊ីសង និងប្រជាពលរដ្ឋបានអោយដឹងថា ឈ្មោះ ភា បានបើលេងល្បែងអាប៉ោងយូរឆ្នាំមកហើយ ប្រជាពលរដ្ឋក៏មានការធុញធប់ខ្លាំងដែរ ពេលមានរឿងឈ្លោះប្រកែកគ្នាពីអ្នកលេងល្បែងនិងសម្លេងម៉ូតូឡានចេញចូលរាល់ថ្ងៃយប់ ប៉ុន្តែមិនដឹងទៅប្តឹងសមត្ថកិច្ចណាទេ ព្រោះពេលរាយការណ័ប្រាប់អស់លោកគឺវាដដែលៗ។
ប្រភពបានបន្តទៀតថា ឈ្មោះ ភា មិនត្រឹមតែបើកវង់អាប៉ោងទេ ថែមទាំងបើកសង្វៀនមាន់ជល់នៅបារាយ៍ទៀតផង ម្យ៉ាងទៀតបើមានល្បែងលេង ក្រុមគ្រួសារពួកខ្ញុំដែលរស់នៅជិតគ្នា រកចំណូលបានតិចតួច ឆ្លៀតយកប្រាក់ទៅលេងចាញ់អស់រកប្រាក់អោយកូនទៅរៀនមិនបាន និងប្រាក់ទិញម្ហូបប្រចាំថ្ងៃគ្មាន ដូច្នេះសូមសមត្ថកិច្ចទើបមកកាន់តំណែងថ្មីក្នុងខេត្តសៀមរាប មេត្តាជួយបង្ក្រាបវង់ល្បែងនេះផង ។
ពាក់ព័ន្ធវង់ល្បែងស៊ីសងរបស់ឈ្មោះភា ពេលអ្នកយកព័ត៌មានធ្វើបទសម្ភាសន៍លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប លោកអធិការទើបតែមានការភ្ញាក់ផ្អើល ហាក់បីដូចមិនដឹងថា ទីនោះមានវង់ល្បែងស៊ីសងទេ ។ លោកអធិការរូបនេះបានសន្យាដាក់កម្លាំងចុះមើលនិងធ្វើការបង្ក្រាបអោយឈប់លេង ៕