បាត់ដំបង ៖ បុរសម្នាក់ធ្លាប់ជាប់គុក៦ឆ្នាំ មិនរាងចាល នាំគ្នាប្លន់សាច់ញាតិយកមាសប្រាក់ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ដើម្បីចាត់ការតាមនិតិវិធី។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ថា ជនសង្ស័យដែលឃាត់ខ្លួនបញ្ជូនមានឈ្មោះ វិន វុធ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃចែកឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារយៈពេល ៦ ឆ្នាំ ដោយប្រព្រឹត្តបទល្មើសចំនួន ២ ដងពីបទឆបោក១ដង និងបទប្លន់ម្តាយមីង ១ ដង នៅភូមិកើតហេតុ ។
គួររំលឹកផងដែរ ៖ កាលពីម៉ោង ០៨និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ ដំបង បាននាំបក្ខពួក ៣ ទៅ ៥ នាក់ប្រដាប់ដោយអាវុធវែងខ្លី និងដែកស្បែង វាយមនុស្ស៥នាក់របួសធ្ងន់ ជាប់សែស្រឡាយម្តាយមីង ដែលប្លន់យកមាសប្រាក់អស់ រួចបាញ់គំរាម ២ គ្រាប់ បន្ទាប់មកគេចខ្លួន ដោយសុវត្ថិភាព ។
ករណីប្លន់បង្កអោយមានគ្រោះថ្នាក់ដល់ទី១ ឈ្មោះ គីម ភួន អាយុ ៥៨ ឆ្នាំចោរចងដៃចងជើងជាប់ ហើយយកដែកស្បែងវាយចំស្មាខាងស្តាំ ទី២ឈ្មោះម៉ៃមុំ (ទិត្យ ព្រឿត) អាយុ ៥៩ ឆ្នាំ ត្រូវជាប្រពន្ធ (គីមភួន) ចោរវាយបែកក្បាល ។ ទី៣ កូនស្រីឈ្មោះ ភួនសុគុណអាយុ ៣៣ ឆ្នាំរបរចងការប្រាក់ និងលក់ត្រីនិងលក់ស្រូវ ចោរវាយត្រូវ ដែកស្បែង របួសក្បាលស្មាមុខដៃ និងត្រកៀករហូតសន្លប់ ។ ទី៤ ឈ្មោះ ស៊ុំ ភី ភេទប្រុសអាយុ៣៨ឆ្នាំ ត្រូវជាកូនប្រសារ ចោរចងស្លាបសេក ហើយវាយ១ដែកស្បែង បណ្តាលឲ្យផុងលលាដ៍ក្បាល ដួលសន្លប់បាត់ស្មារតី ។ ទី៥ កូនប្រុសឈ្មោះ ហួន សុខហេង អាយុ២៥ឆ្នាំ ចោរវាយ ៣ ដែកស្បែងត្រូវក ក្បាលបែករហូតសន្លប់ ។ ចំណែកក្រុមចោរ ៣ នាក់ ពាក់ម៉ាស់មើលមុខមិនស្គាល់ប្រដាប់ដោយកាំភ្លើងវែង១ដើម ខ្លី១ដើមនិងដែកស្បែង១ដើម ។ ទ្រព្យសម្បត្តិដែលចោរយករបស់បងស្រីឈ្មោះ ហួន សុគុណ មានប្រាក់ខ្មែរ២០លានរៀល មាស ១០ តម្លឹង ប្រាក់ថៃ ៣០ ម៉ឺនបាត ប្រាក់អាមេរិក ២ ម៉ឺនដុល្លា ។ ទ្រព្យសម្បត្តិម្តាយឈ្មោះ ម៉ៃ មុំ (ទិត្យ ព្រឿត) បាត់អស់ ១៦ ម៉ឺនបាត និងប្រាក់អាមេរិក ៥ ពាន់ដុល្លា និងគ្រឿងអលង្កា ៣ តម្លឹង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីយប់កើតហេតុប្លន់ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចធ្វើកោសលវិច័យ និងកំណត់មុខសញ្ញាបានឃាត់ខ្លួនឈ្មោះ វិន វុធ ដើម្បីស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែឈ្មោះ វិន វុធ មិនបានសារភាព ឬចង្អុលបង្ហាញបក្ខពួកវាឡើយ ៕