ស្ទឹងត្រែង ៖ ស្ត្រីម្នាក់ដើរផឹកស៊ីរាល់ថ្ងៃ រហូតដល់ប្តីប្រច័ណ្ឌ ពេលត្រឡប់មកផ្ទះវិញ ប្តីជាមន្ត្រីយោធាបានបិទទ្វារផ្ទះ វាយ និងបាញ់១គ្រាប់បណ្តាលអោយរបួសធ្ងន់ ហើយគេចខ្លួនបាត់ កាលវេលាម៉ោង១៩និង៤០នាទីយប់ ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
ប្រភពអ្នកជិតខាងបានអោយដឹងថាស្ត្រីរងគ្រោះដែលប្តីបាញ់ ឈ្មោះនឹក ចាន់ ណៃ អាយុ៣៧ឆ្នាំ ស្ត្រីរូបនេះដើរផឹកស៊ីថ្ងៃយប់មិនដែលគិតផ្ទះ ពេលប្តីមកពីធ្វើការងារមិនមានបាយទឹក ហើយមិនបានជួបប្រពន្ធគឺខឹងខ្លាំងណាស់ ដោយចោទថា នាងមានសហាយស្មន់មិននៅផ្ទះ ។ លុះថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥ម៉ោង១៩និង៤០នាទីយប់ នាងជាប្រពន្ធត្រឡប់មកវិញ ប្តីបិទទ្វារមិនឲ្យចូលផ្ទះ ខឹងគោះទ្វារខ្លាំងៗជាច្រើនដង ក៏ផ្ទុះកំហឹងទាញកាំភ្លើង AK ស្វាយបត់ វាយប្រពន្ធ១ស្នូកកាំភ្លើង និងបាញ់ចំ.ក ធ្លាយមកគល់ដោះខាងស្តាំរងរបួសធ្ងន់ភ្លាមនោះ អ្នកជិតខាងបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តសង្គ្រោះបន្ទាន់តែដោយរបួសធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ ។ ចំណែកប្តីក៏គេចខ្លួនបាត់តែម្តង។
មន្ត្រីនគរបាលអធិការដ្ឋានស្រុកសៀមប៉ាងបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវបានប្តីបាញ់ ឈ្មោះនិក ចាន់ ណៃ អាយុ៣៧ឆ្នាំត្រូវគ្រាប់កាំភ្លើង A K ចំនួន១គ្រាប់ចំ.ក ធ្លាយមកគល់ដោះខាងស្តាំ ស្ត្រីរងគ្រោះត្រូវជាប្រពន្ធជនសង្ស័យឈ្មោះ នៅសារិទ្ធ អាយុ៤១ឆ្នាំ(ប្តី) ជាមន្ត្រីយោធា (គ៣)។ទាំង២នាក់ រស់នៅភូមិសំរោងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រោយកើតហេតុប្តីរបស់គេបានរត់គេចខ្លួនបាត់។វត្ថុតាងរកឃើញមានកាំភ្លើង A Kស្វាយបត់ចំនួន១ដើមនិងសំបកន្ទុះចំនួន១គ្រាប់។
សមត្ថកិច្ចនគរបាលបានចុះមកដល់កើតហេតុលើករណីខាងលើសមត្ថកិច្ចកំពុងធ្វើការ ធ្វើកោសលវិច័យ និងកំណត់មុខសញ្ញាស្រាវជ្រាវរកបុរសជាប្តី ជនដៃដល់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕