ខេត្តបាត់ដំបង ៖ កាលពីម៉ោង២០និង២០នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ចំណុចផ្លូវបំបែកបេងទ្រេត ភូមិត្រពាំងព្រឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បុរសម្នាក់ចំណោម ២ នាក់ទិញថ្នាំញៀន ២០៣ គ្រាប់ពីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ជិះម៉ូតូយកមកផ្ទះវិញបម្រុងលក់ចែកចាយក្នុងភូមិ ត្រូវកម្លាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួននៅលើដងផ្លូវ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ពេជ្រ ចាន់ អាយុ៤០ឆ្នាំជាមុខសញ្ញាចាស់ចែកចាយថ្នាំញៀន រស់នៅភូមិត្រពាំងព្រឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ កាលពីសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ពេលជនសង្ស័យធ្វើដំណើរចេញពី ភូមិត្រពាំងព្រឹតឆ្ពោះទៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ រូបលោកបានដាក់កម្លាំងអោយចាំស្ទាក់ លុះម៉ោង២០និង២០នាទីយប់ថ្ងៃដដែល ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ២ នាក់មកដល់ចំណុចខាងលើ ឈ្មោះ ពេជ្រ ចាន់ ឃើញកម្លាំងនគរបាល វាបានលោតចុះពីលើម៉ូតូ ដោយដៃកាន់ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២០៣ គ្រាប់ ។ ពេលនោះ សមត្ថកិច្ចក៏ស្ទាក់ចាប់ជាប់ រីឯជនសង្ស័យម្នាក់ទៀត ជាអ្នកបើកបរម៉ូតូ គ្រាន់តែដៃគូលោតចុះពីលើម៉ូតូ វាបើកបន្ថែមល្បឿនទៅមុខបាត់តែម្តង ។
ឈ្មោះ ពេជ្រ ចាន់ បុរសសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំ្ញញៀននពីស្រុកម៉ាឡៃ យកមកចែកចាយក្នុងភូមិដឡ ខ្លួនរស់នៅបានចំនួន ២ ដង រួចហើយ ប៉ុន្តែលើកទី ៣ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានបញ្ជាក់ថា បុរសសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន រៀបចំកសាងសំណុំរឿងពីបទ កាន់កាប់រក្សាទុកនូវសារធាតុញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បា ប់និងតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀត យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕