បាត់ដំបង ៖ បុរសម្នាក់ប្រើប្រាស់កញ្ឆា និងដាំដើមកញ្ឆា២៣៦ដើម ត្រូវសមត្ថកិច្ចនគរបាលបង្ក្រាប កាលពីម៉ោង៩ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ ចំណុចភូមិថ្មីឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង។
លោក ហៀង ប៊ុនថា អធិការរងស្រុកថ្មគោលបានអោយដឹងថា បុរសម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ រ៉ែន សារ៉ា អាយុ៣៦ឆ្នាំជាម្ចាស់ផ្ទះ រស់នៅភូមិកើតហេតុ ។ វត្ថុតាងដែលដកហូតបាន និងកាប់បំផ្លាញមានកញ្ឆាស្ងួតចំនួន២គីឡូក្រាម ដែកកេះចំនួន៥ ជ្រុញចំនួន១ បំពង់ជក់កញ្ឆាចំនួន១ និងកូនពូថៅហាន់កញ្ឆាចំនួន១ ។ កញ្ឆាស្រស់ចំនួន២៣៦ដើម (ដើមតូចចំនួន១៣០ដើម រីឯដើមធំចំនួន១០៦ដើម)។
ជនសង្ស័យបានសារភាពថា ខ្លួនពីមុនបានទិញកញ្ឆាគេមកជក់ ហើយប្រហែល៣ខែមុននេះ បានសម្រេចចិត្តដាំដើមកញ្ឆាដោយខ្លួនឯងទុកជក់ មិនបាច់ទិញគេទៀត មិននឹកស្មានសមត្ថកិច្ចមកបង្ក្រាបឡើយ។
លោក ហៀង ប៊ុនថា អធិការរងស្រុកថ្មគោលបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋានរាយការណ៍ពីការប្រើប្រាស់កញ្ឆា និងដាំដើមកញ្ឆានៅចំណុចភូមិថ្មី រូបលោកបានស្នើសុំយោបល់ថ្នាក់លើចុះធ្វើការបង្ក្រាប រហូតបានសម្រេចលទ្ធផលជាផ្លែផ្កាតែម្តង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕