ខេត្តប៉ៃលិន ៖ រថយន្តកាម៉ារីគូថហើមដឹកឈើប្រណីតបើកលឿន ទៅបុករបងថ្មមន្ទីរពន្ធដារបាក់ជញ្ចាំងអស់២ផ្ទាំង បណ្តាលអោយអ្នកបើកបរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃទី០៧ សីហា ឆ្នាំ២០១៥ ឋិតនៅមុខសាលាដំបូងខេត្តប៉ៃលិន ប្រហែល ១៥ ម៉ែត្រ របងថ្មពន្ធដាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះថ្នាក់ស្លាប់មានឈ្មោះ រិត សាំងថង ហៅ ក្រិន អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តឲ្យគេ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ ចំណែករថយន្តម៉ាកកាម៉ារីហើម ពណ៌ស ដឹកឈើប្រណីត ប្រភេទនាងនួន និងឈើធ្នង់ ចំនួន១៥ដុំ ឈើខ្លី ២ ដុំឈើមុខ ២ ម៉ែត្រ ១៣ ដុំ ។
សាក្សីបានអោយដឹងថា រថយន្តខាងលើបានដឹកចេញពីស្រុកសំឡូត បើកលើបណ្ដោយផ្លូវជាតិលេខ៥៧ ដឹកឈើយកទៅដាក់រោងសិប្បកម្មមួយកន្លែងក្នុងខេត្តប៉ៃលិន ។ លុះមកដល់រង្វង់មូលអូរតាប្រាំង ពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងបានបើកបរស្របគ្នាតាមពីក្រោយ មកដល់ផ្លូវបែកជាបួន ស្រាប់តែរថយន្តរងគ្រោះនេះបួងចង្កួតមិនទាន់ ជ្រុលទៅបុករបងថ្មមន្ទីរពន្ធដារខេត្តបណ្តាលអោយបាក់ជញ្ជាំងថ្ម ២ ផ្ទាំងខ្ទេច រីឯអ្នកបើកបររថយន្តកាម៉ារីត្រូវឈើបុកបន្ថែមពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការខេត្តប៉ៃលិន បានយករថយន្តនិងឈើប្រណិត ទៅរក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តប៉ៃលិន ហើយសពជនរងគ្រោះ បានប្រគល់អោយសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ហែម វុទ្ធី