ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ខឹងគេវាយប្អូនថ្លៃក្នុងវង់ផឹកស៊ីទៅយកកាំភ្លើងបាញ់ដៃគូទំនាស់ ត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ បុរសសង្ស័យ ដែលចាប់ខ្លួនមានឈ្មោះ ម៉ប ប៉ម អាយុ២៣ឆ្នាំស្នាក់នៅសង្កាត់/ក្រុងប៉ោយប៉ែត។ចំណែកបុរសរងគ្រោះឈ្មោះ អែម រក្សា ហៅ ម៉ុង អាយុ២៥ឆ្នាំ ដែលរស់នៅភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែតបានប្តឹងឈ្មោះ ម៉ប ប៉ម ចោទប្រកាន់ពីបទប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្មនិងកាន់កាប់រអាវុធខុសច្បាប់។
សាក្សីបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យផឹកស៊ីជាមួយគ្នា ដោយមានគ្នា ៣ ទៅ ៤ នាក់ ពេលផឹកស្រវឹងស្រឿងៗ ឈ្មោះ ស្រស់ ត្រូវជាប្អូនជនដៃដល់ (ឈ្មោះ ម៉ប ប៉ម) និយាយសម្តីមើលក្រុមគ្រួសារជនរងគ្រោះ ត្រូវជនរងគ្រោះដាល់ ១ ដៃចំក្បាល ។ ភ្លាមនោះ ឈ្មោះ ម៉ប ប៉មបានជិះម៉ូតូទៅផ្ទះ ហើយត្រឡប់ទៅវិញដកកាំភ្លើងខ្លី បាញ់តម្រង់ជនរងគ្រោះឈ្មោះ អែម រក្សាហៅម៉ុង១គ្រាប់តែមិនគ្រោះថ្នាក់ ក្រោយបាញ់រួចបានគេចខ្លួនបាត់ កាលវេលាម៉ោង ៩ យប់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៥ នៅភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែត ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន បានបញ្ជាក់ថា ក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ប ប៉ម និងអាវុធខ្លីនធុនK.54១ដើមនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ២០១៥នៅសង្កាត់/ក្រុងប៉ោយប៉ែត៕