បាត់ដំបង ៖ មេខ្លោងលក់ចែកចាយគ្រឿងញៀនប្រុស-ស្រី ៣នាក់និងថ្នាំញៀនយ៉ាម៉ាចំនួន ២៩១គ្រាប់ និងម៉ាទឹកកក ៩ថង់ស្មើទម្ងន់២១,២០ក្រាម ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាកានារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ចាត់ការតាមនិតិវិធី។
មេខ្លោងគ្រឿងញៀនទាំង៣នាក់ត្រូវនគរបាលស្រុកភ្នំព្រឹកបង្ក្រាបនិងឃាត់ខ្លួនកាលពីវេលាម៉ោង ១ដល់ម៉ោង ២ និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភូមិ ភ្នំតូចនិងភូមិអូរ ឃុំពេជចិន្តា ស្រុកភ្នំព្រឹក និងកសាងសំណុំរឿង បញ្ជូន មកស្នងការខេត្តនាថ្ងៃទី១៦ខែឆ្នាំដដែល ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោក សែម ដារ៉ា នាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា មេខ្លោង លក់ចែកចាយគ្រឿងញៀងដែលសមត្តកិច្ចចាប់ឃាត់ខ្លួនមានទី១ឈ្មោះ ឡេ តឿង ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រ ចិន្តា ស្រុកភ្នំព្រឹក្ស កំពុងធ្វើសកម្មភាព នៅពេលនោះធ្វើការឆែកឆេរ រកឃើញ ដកហូតបានគ្រឿង ញៀនមេតំហ្វេតាមីនWY៩គ្រាប់ ។ បន្ទាប់ពីសមត្តកិច្ចសាកសួរស្ត្រីសង្ស័យរូបនេះរួចមកទើប ឈានទៅបន្តចាប់ឃាត់ខ្លួនជន សង្ស័យ ០២ នាក់ប្តីប្រពន្ធបន្ថែមទៀត ឈ្មោះ ង៉ែត ពៅ អាយុ ៤៦ឆ្នាំជាប្រពន្ធ និងឈ្មោះ លឹម ឡូ អាយុ៥១ឆ្នាំជាប្តី អ្នកទាំង០២នាក់ រស់នៅភូមិអូរ ឃុំពេជ្រ ចិន្តា ស្រុកភ្នំព្រឹក្ស ក្នុងនោះសមត្តកិច្ចបានឆែកឆេររកឃើញដកហូតបានគ្រឿងញៀន មេតំហ្វេតាមីនWY ២៨២គ្រាប់ និងថ្នាំញៀនមេតំហ្វេតាមីនទឹកកក០៩ថង់ស្មើទម្ងន់ស្មើទម្ងន់២១,២០ក្រាម។ សរុប ដកហូតគ្រឿញៀនមេតំហ្វេតាមីនWY២៩១គ្រាប់ ។
លោកបានបញ្ជាក់ថា ក្រុមជនសង្ស័យ ជាមុខសញ្ញាចាស់និងរកស៊ីជួញដូរគ្រឿងញៀនធំ ជាមេខ្លោងនៅស្រុកភ្នំព្រឹកហើយជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ តុលាកានារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ចាត់ការតាមនិតិវិធី ៕