ប៉ៃលិន ៖ ឈុនឆាងយកគ្រឿងចក្រកាយភ្នំកូនខ្លុងលក់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប ព្រោះត្រូវថ្នាំសណ្តំ ។ ពេលអ្នកយកព័ត៌មានសុំការបំភ្លឺ នាំឆ្លើយដាក់គ្នា កាលពីល្ងាចថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៥ នៅភូមិអូរតាវ៉ៅសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន។
លោក ឈុន ឆាង ម្ចាស់អាជីវកម្មកាយដីលក់បានអោយដឹងថា ដីភ្នំដែលកំពុងកាយនៅក្រោយទីតាំងការដ្ឋានខ្លួន គឺទិញដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលបន្តពីលំដ្នានដើម្បីកាយយកអាចដីលក់ ហើយការកាយនេះ គឺមានការអនុញាតពីសាលាខេត្ត ។
លោក ហែម ឬទ្ធី នាយករដ្ឋបាលសាលាខេត្តបានអោយដឹងថា ការកាយដីភ្នំនៅចំណុចការដ្ឋានរបស់លោក ឈុន ឆាង ខាងសាលាខេត្តមិនបានទទួលដំណឹងទេ ចូរទៅសាកសួរនៅសាលាក្រុងប៉ែលិន ក្រែងបានទទួលព័ត៌មានខ្លះ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានអោយដឹងថា រូបលោកមិនបានទទួលសំណើសុំកាយភ្នំពីលោក ឈុន ឆាង ទេ រូបលោកនិងដាក់កម្លាំងចុះពិនិត្យភ្លាម ។ (ប៉ុន្តែជាច្រើនម៉ោងគ្មានអ្នកមកកន្លែងកាយភ្នំសោះ) ។
លោក សុខ សួន អនុប្រធានមន្ទីររ៉ែនិងថាមពលបានអោយដឹងថា ការកាយដីភ្នំនៅការដ្ឋានលោក ឈុន ឆាង គឺម្ចាស់អេស្កា(លោកឈុនឆាង) បានទិញដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយដីភ្នំទាំងនេះគឺខាងជំនាញភូមិបាលនគរូបនីយកម្ម សំណង់ និងសុរិយោដីជាអ្នកចេញអោយ ទើបខាងជំនាញខ្លួនមិនរារាំង ម្យ៉ាងទៀត លោក ឈុន ឆាង បានអោយសួយសារដល់មន្ទីរយើងខ្ញុំផងដែរ ។
ពាក់ព័ន្ធករណីនេះ លោក ហុក សុផល ប្រធានមន្ទីរនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តប៉ៃលិនបានអោយដឹងថា ចំពោះបញ្ហាប្រជាពលរដ្ឋរស់នៅតំបន់ភ្នំ ច្បាប់បរិស្ថាន ច្បាប់ព្រៃឈើបានអោយសង់ផ្ទះចម្ងាយ២០០ម៉ែត្រពីជើងភ្នំ ប៉ុន្តែដោយតំបន់ខេត្តខ្លះសម្បូរប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំ ពីមុនមកចេះតែអោយគាត់រស់នៅបន្តទៀត ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋដែលរស់នៅជាប់ជើងភ្នំនៅកន្លែងកើតហេតុខាងលើមិនមានប័ណ្ណកម្មសិទ្ធិទេ ព្រោះខាងជំនាញខ្ញុំមិនទាន់បានប្រកាសតំបន់វិនិច្ឆ័យទេ ដូច្នេះស្ថាប័នជំនាញគួរធ្វើតាមតួនាទីរបស់ខ្លួន កុំឆ្លើយដាក់ជំនាញគេ ទើបល្អ ៕