ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការកងរាជអាវុធខេត្តជួយថវិការស្តារអាង និងដាក់លូដល់ប្រជាកសិករធ្វើស្រូវប្រាំង ដែលជួបគ្រោះរាំងស្ងួត និងដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពជាក់ស្តែង កាលព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិសាស្ត្រ ភូមិតាអ៊ិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលកងខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្រៅពីការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ គឺកម្លាំងកងរាជអាវុធហត្ថត្រូវមានភារៈកិច្ចជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ជាក់ស្តែង ប្រជាកសិករធ្វើស្រែកំពុងជួបគ្រោះរាំងស្ងួត នៅភូមិតាអិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា ៖ ក្រោយពេលដែលចុះពិនិត្យស្ថានភាពប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួតហើយ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានជួយលូចំនួន ៨ កង់ដើម្បីដាក់រំដោះទឹក ពីប្រឡាយមេសំណង់ពោធិ៍២ ដើមចូលទៅក្នុងប្រព័ន្ធចែកចាយទឹកក្នុងភូមិតាអ៊ិន១ ឃុំស្រះរាំង ហើយជួយថវិការស្តារអាងទឹក អូរពោធិ៍ ចំនួន១០ម៉ោង លោកជួយចំនួន ៥ ម៉ោង ក្នុង១ម៉ោងតំលៃ ១.៣០០ បាត ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានបន្តថា ៖ រយៈពេលកន្លងមកឃុំស្រះរាំងស្រុកមង្គលបូរី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានជួយដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ និងជួយលើវិស័យកសិកម្មផងដែរ៕