បាត់ដំបង ៖ សិប្បកម្មអាឈើ ឈ្មោះ វាំង ឈ្មោះ អូន និងឈ្មោះ ជី ត្រូវបានជំនាញរដ្ឋបាលព្រៃឈើបញ្ឈប់ដំណើរការ កាលព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥ បន្ទាប់ពីមានការរិះគន់ថា ម្ចាស់សិប្បកម្មបានបង់ប្រាក់ដល់កម្លាំងជំនាញ ហើយប្រើរណារ៉ៃអាឈើអនាធិបតេយ្យ ។
តាមប្រភពពីម្ចាស់សិប្បកម្ម ឈ្មោះ វាំង មានទីតាំងនៅស្រែ១០០ សង្កាត់ស្លាកែត និងឈ្មោះ អូនកូនតាសៀ នៅក្រុមទី ៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង និងឈ្មោះ ជី មានទីតាំងនៅភូមិអ សង្កាត់អូរចារ បានអោយដឹងថា ក្រោយពីសារព័តមានមួយចំនួនចុះផ្សាយថាម្ចាស់សិប្បកម្មបានបង់ប្រាក់ចំនួន១៩០០ដុល្លា អោយទៅលោក លី ជូបៀង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង កន្លងមក ខាងមន្ត្រីជំនាញបានចុះបង្ក្រាប និងបញ្ឈប់សិប្បកម្មមួយចំនួនមិនអោយដំណើរការរកស៊ីទៅទៀត ។ តាមការពិត ខាងពួកខ្លួនប្រកបរបរអាឈើ មិនបានដឹងរឿងបង់ប្រាក់១៩០០ដុល្លា អោយទៅលោក លី ជូបៀង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើឡើយ នេះគ្រាន់តែជាការសសេរបំប៉ោងព័ត៌មានប៉ុណ្ណោះ ។
លោក លី ជូបៀង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានអោយដឹងថា ការទទួលប្រាក់ពីម្ចាស់សិប្បកម្មក្នុង១ខែ១៩០០ដុល្លាពិតជាគ្មាន ទោះជា១០០ដុល្លាក៏គ្មានដែរ ហើយបើម្ចាស់សិប្បកម្មបង់អោយ១ខែ១០០ដុល្លានោះ រូបលោកពិតជាគ្រប់ទឹក ព្រោះសិប្បកម្មមានជិត ៣០០ កន្លែងឯណោះ ក្នុងខេត្តបាត់ដំបង ទោះជាយ៉ាងណា សិប្បកម្ម៣ខាងលើរូបលោកបានបញ្ជាអោយផ្អាកបញ្ឈប់ធ្វើអាជីវកម្មហើយ ៕
សុខកុសល