បាត់ដំបង ៖ បុរសសង្ស័យ ៧ នាក់ និងថ្នាំញៀន ៤ ថង់ រួមទាំងសម្ភារៈត្រូវអាវុធហត្ថក្រុងបាត់ដំបង កសាងសំណុំរឿងពីបទរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅតុលាការ នាព្រឹក ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥ ដើម្បីចាត់ការតាមនិតិវិធី។
លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថាការបង្ករាបធ្វើឡើង២ករណីផ្សេងគ្នា ករណីទី១ នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងផ្ទះសំណាក់ ចម្ការដូងស្ថិត ក្នុងភូមិចម្ការឬស្សីសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងបានចុះបង្ក្រាបជនសង្ស័យ៤ នាក់ ពាក់ព័ន្ធចែកចាយថ្នាំញៀន ឃាត់បានបុរសទី១ឈ្មោះ ឃី ឆេងនិរន្តន៍ ហៅឆៃ អាយុ៣០ឆ្នាំ រស់នៅភូមិវត្តតាមិមឃុំអូរដំបង១ ស្រុកសង្កែ (ជាអ្នកលក់)ទី២ឈ្មោះ ហឿង វុយ អាយុ២៤ឆ្នាំ រស់នៅភូមិជាមួយគ្នា(ជាមរក្លោង)ទី៣ឈ្មោះ ហេង ដែន អាយុ២៣ឆ្នាំ រស់នៅភូមិពពាលខែឃុំជ្រៃស្រុកថ្មគោល ទី៤ឈ្មោះ ថុង ស៊ីដែន អាយុ២៤ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិ កម្មករសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។ ចំណែកវត្ថុតាង ដែលរឹបអូសបានមានថ្នាំញៀនម៉ាទឹកកក១ថង់មានទម្ងន់ស្មើនិង០.៨៩ក្រាម ទូរស័ព្ទ៣គ្រឿងម៉ូតូ២គ្រឿង។
ករណីទី២ ធ្វើឡើងកាលពីវេលាម៉ោង១៩យប់ ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចតាមផ្លូវ ជិតផ្ទះ សំណាក់ថាវីន ស្ថិតក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារក្រុង កម្លាំងយើងបានចុះបង្ក្រាប ឃាត់ខ្លួនជនស្ស័យ ៣នាក់ មាន ៖ទី១ឈ្មោះ ហាក់ សាទុំ អាយុ៣៤ឆ្នាំរស់នៅភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបង ដកហូតថ្នាំញៀនម៉ាតឹកកក ២ ថង់និងម៉ូតូ ១ គ្រឿង នាំមក សាកសួរ ។
ក្រោយទទួលបានចម្លើយ ទើបកម្លាំងឈានចុះទៅបង្ក្រាបបានបក្ខពួក ២ នាក់ទៀត មានឈ្មោះ ភិន សំអាង ហៅ អ៊ុយ អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ និងឈ្មោះ ឡាយ សាមឌី ហៅ អូន អាយុ ៣៤ ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានរឹបអូស បានម៉ាទឹកកក ១ ថង់និងម៉ូតូ ១ គ្រឿង សរុប ៣ ថង់មានទម្ងន់ស្មើនិង ១.២៣ ក្រាមនាំយកសាកសួរ ។
ក្រុមបុរសសង្ស័យទាំង ៧ នាក់ ២ ក្រុមផ្សេងគ្នាបានឆ្លើយសារភាពថា ពួកខ្លួនពិតជារកស៊ីដើរចែកចាយថ្នាំញៀនពិតប្រាកដមែន ៕