បាត់ដំបង ៖ ម្ចាស់ម៉ូតូចំនួន៦៧គ្រឿងត្រូវនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការផាកពិន័យនិងអប់រំ រួចប្រគល់អោយម៉ូតូវិញកាលព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត។
កិច្ចប្រតិបត្តការណ៍ឃាត់មូតូមិនគោរពច្បាប់ចរាចរណ៍នេះធ្វើឡើងកាលរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ក្នុងក្រុងបាត់ដំបង។
លោកវរសេនីយ៍ឯក សាត គឹមសាន នាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តបានឲ្យដឹងថា ដើម្បីពង្រឹង ច្បាប់ចរចរណ៍ ផ្លូវគោកក្នុងខេត្ត ឲ្យកាន់តែល្អប្រសើឡើង បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីកន្លងមក ។ កម្លាំងជំនាញបានចុះប្រតិបត្តិការ មានលក្ខណៈទ្រង់ទ្រាយធំ ជាលើកទី១ហើយឃាត់ម៉ូតូមិនគោរពច្បាប់អត់ពាក់មួកសុវត្ថិភាព អត់ដាក់កញ្ចក់មិនមានស្លាកលេខ បិតស្គុតខុសស្តង់ដា ម៉ូតូមិនមានពន្ធសរុបចំនួន៦៧គ្រឿង ។
លោក សាត គឹមសាន បានបញ្ជាក់ទៀតថា ការចុះឃាត់ម៉ូតូនាំយកមកអប់រំលើកទី១នេះ គឺក្នុងបំណងពង្រឹង ច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាព កាត់បន្ថយការស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងដើម្បី ការពារអាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដ៏ទៃផងដែរ ។ ការផាកពិន័យនេះ គឺមាន៣ដំណាក់កាលគឺ លើកទី១ នេះផាកពិន័យលើម៉ូតូ ណាជិះអត់ពាក់មួកគឺ៣ពាន់រៀល ម៉ូតូអត់កញ្ចក់គឺ៤ពាន់រៀល ម៉ូតូមានពន្ធត្រឹមត្រូវហើយ គឺបង្ខំឲ្យពួកគេទៅចុះបញ្ជីសុំផ្លាកលេខ ម៉ូតូអត់ពន្ធនាំចូលត្រូវបញ្ជូនទៅសាខាគយនិងរដ្ឋាករដើម្បីបង់ពន្ធតាមច្បាប់។ លើកទី២ ក្នុងករណីមិនរៀងចាល ត្រូវឃាត់ម៉ូតូនោះ មួយរយៈសិនទើបធ្វើការផាកពិន័យ លើកទី៣ ម៉ូតូដដែល សមត្ថកិច្ចបានឃាត់២លើកមកហើយ មិនស្តាប់ត្រូវបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក សាត គឹមសាន បានធ្វើការផ្តាំផ្ញើដល់អាណាព្យាបាល គ្រប់រូបក្នុងខេត្ត មុននិងទិញ ម៉ូតូឲ្យ កូនជិះទៅរៀន សូមឲ្យកូនទៅរៀនយកប័ណ្ណបើកបរផង និងណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីការពារ អាយុជីវិតខ្លួនឯង និងការពារអាយុជីវិតអ្នកដ៏ទៃទាំងអស់គ្នា មិនមែនធ្វើដើម្បីតែខ្លាចសមត្ថកិច្ច ផាកពិន័យប៉ុណ្ណោះនោះទេ ។រយៈពេលកន្លងមកយើងសង្កេត ឃើញស្រទាប់យុវវ័យ មិនគោរពច្បាប់ចរាចរណ៍មាន ភាពអាណាធិបតេយ្យ ដែលជាបញ្ហាបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងនិងជីវិតអ្នកដ៍ទៃ មិនព្រមពាក់មួក សុវត្តិភាព ដាក់កញ្ចក់ បើកក្នុងល្បឿនលឿននិងបង្ហោះថែមទៀត ៕
សុខ កុសល