បាត់ដំបង ៖ អាវុធហត្ថឃាត់ខ្លួនបញ្ជូនមនុស្សប្រុសស្រី ៣ នាក់(ប្រពន្ធនិងស្រីស្នេហ៍) គាស់តូបលួចទូរស័ព្ទដៃ ពេលយកទៅលក់នៅហាងលក់ទូរស័ព្ទដៃ យីហោ ហេង សេងហួត រួចកសាងសំណុំរឿង ពីបទលួចមានស្ថានទម្ងន់ទោស បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។
អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ កាលពីម៉ោង៨និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ ហេង សេងហួត ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោក ឡាច វ៉ាន់ នាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសអាវុធហត្ថបានអោយដឹងថា ជនរងគ្រោះមានទី ១ ឈ្មោះ ម៉ៅ សារ័ត្ន ភេទស្រីអាយុ២៥ឆ្នាំ របរលក់ទូរស័ព្ទដៃ(មុខបេនឡានកាពីតូលភូមិព្រែកមហាទេព) មានទីលំនៅក្រុមទី១៥ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ទី២ ឈ្មោះ សៀង វិសាល ភេទប្រុសអាយុ២២ឆ្នាំ របរលក់ទូរស័ព្ទដៃ (ភូមិព្រែកមហាទេព) ស្នាក់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ចំណែកជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ៣ នាក់មានទី ១ ឈ្មោះ ហៀង លីហេង ភេទប្រុសអាយុ៣២ឆ្នាំ របរកម្មករសំណង់ ។ ទី២ ឈ្មោះ ស៊ុំ លីន ភេទស្រីអាយុ៣៥ឆ្នាំ របរកម្មករសំណង់(ជាប្រពន្ធ) ។ ទី៣ ឈ្មោះ សេង ធា ភេទស្រីអាយុ៣៣ឆ្នាំ របរម៉ាស្សា (ជាស្រីស្នេហ៍) ។ ទាំង ៣ នាក់រស់នៅភូមិចំការសំរោង ២ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ។ វត្ថុតាងដែលដកហូតបានមកវិញ មានសំបកទូរស័ព្ទដៃ សម្រាប់តាំងចំនួន៤គ្រឿង, ជើងមឹមម៉ូរីចំនួន១៦, នាឡិការដៃចំនួន៥គ្រឿង, ប្រាក់ឥណ្ឌូនេស៊ីចំនួន៥៥០០០រ៉ូពី, ប្រាក់ហ្វីឡីពីនចំនួន២០ប៉េស៊ូ, ប្រាក់ចិនចំនួន១យ័ន្ត, ប្រាក់អារ៉ាប់ចំនួន៥០០ទ័រព័រ, ទូរស័ព្ទដៃចំនួន៨គ្រឿង, កន្ត្រៃកាត់សង្ក័សីចំនួន១, ដាវសាម៉ូរ៉ៃចំនួន១, ផ្លែស្វានចំនួន១កូនកន្ត្រៃចំនួន២, កូនសោររថយន្តចំនួន១, កូនសោរម៉ូតូចំនួន១, កូនសោរសំរាប់មួលខ្ចៅចំនួន១, ទុល្វីសចំនួន១ប្រដាប់សាកភ្លើងចំនួន១, ដុំម៉ាស៊ីនជាន់ដេរចំនួន១។
ជនរងគ្រោះឈ្មោះ ម៉ៅ សារ័ត្ន បានប្រាប់សមត្ថកិច្ចថា កាលម៉ោង២២និង០០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចមុខបេនឡានកាពីតូល ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានជនមិនស្គាល់មុខលួចកាត់ដំបូលសង្ក័សី ចូលលួចទូរស័ព្ទដៃអស់ចំនួន ៣០ គ្រឿងទៅ ៤០ គ្រឿង ។
ជនរងគ្រោះឈ្មោះ សៀង វិសាល បានប្រាប់សមត្ថកិច្ចថា កាលម៉ោង ២១ និង ៣០ នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចតូបលក់ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានជនមិនស្គាល់មុខចូលលួចទូរស័ព្ទដៃចំនួន ៤០ គ្រឿង ពេលខ្លួនទៅលេងផ្ទះម្តាយ នៅសង្កាត់អូរចារ គិតជាទឹកប្រាក់ ៤ ពាន់ដុល្លារ ។ លុះម៉ោង៨និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ខ្លួនបានឃើញជនសង្ស័យកាន់ទូរស័ព្ទដែលបិតតែមយីហោ របស់ខ្លួនកំពុងកាន់ទៅលក់នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ ហេង សេងហួត ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្តង ។
ជនសង្ស័យ ហៀង លីហេង បានសារភាពថា កាលយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ និងយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ខ្លួនបានកាត់ដំបូលសង្ក័សីតូបលក់ទុរស័ព្ទម្តុំបេនឡានកាពីតូល យកបានទូរស័ព្ទផលិតនៅចិន ទូរស័ព្ទណូគា សាំសុង និងសំបកម៉ាកអាយហ្វូន យកទៅអោយស្រីស្នេហ៍ឈ្មោះ សេង ធា ដើរលក់នៅភ្នំពេញមួយយប់រួចត្រឡប់មកខេត្តបាត់ដំបងវិញ ។ លុះព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ អោយប្រព្ធឈ្មោះ ស៊ុំ លីន យកទូរស័ព្ទម៉ាសាំសុងពណ៌ស ទៅលក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
លោក ឡាច វ៉ាន់ នាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យទាំង ៣ នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ៕
សុខកុសល